(ភ្នំពេញ)៖ តារាពហុជំនាញលោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន បានក្លាយជាអ្នកសិល្បៈម្នាក់ រកលុយបានច្រើនបំផុត ក្នុងរដូវកាលនេះ ព្រោះលោកត្រូវបានគេជួលជាប់គ្នារដឹក ស្ទើរតែគ្មានពេលសម្រាក ហើយជាតារាត្រូវប៉ាន់ ពិសេសភាពក្រមិចក្រមើម និងផ្លែផ្កាពាក្យសម្តីជាមួយអ្នកនាងកាតុ ធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចឥតដាច់។ ថ្មីៗនេះ តារាសម្ដែង និងកំប្លែង លោក រ៉ូលីន បានធ្វើឲ្យអ្នកដឹកនាំរៀបចំថតកម្មវិធី អបអរបុណ្យចូលឆ្នាំថ្មី របស់ផលិតកម្ម ថោន វិលមុខមិនស្ទើរ ព្រោះតែលោកមិនបានមកថត តាមការសន្យា និងថែមទាំងមិនលើកទូរស័ព្ទទៀតផង។
ក្រៅពីជាតារាប្រចាំទូរទស្សន៍ MyTV លោក រ៉ូលីន ក៏ជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន ផងដែរ ។ លោកបានចូលក្នុងផលិតកម្មនេះ ជាងមួយឆ្នាំមកហើយ និងមានបទចម្រៀងល្បីៗដូចជា «កើតរោគបេះដូង» ហើយក៏ល្បីល្បាញដល់ប្រទេសថៃ ព្រោះមានលក្ខណៈប្លែកពីបទដទៃ ។ ថ្មីៗនេះ ផលិតកម្ម ថោន បានរៀបចំថតបទចម្រៀង សម្រាប់អបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តារាចម្រៀងនានាក្នុងផលិតកម្ម ថោន នាំគ្នាថតបណ្ដើរៗ ជិតអស់ហើយដែរ ព្រោះតារាចម្រៀងច្រើន ត្រូវចែកវេនគ្នាថត។ ដោយឡែក លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន ទាក់ទងមិនបាន ធ្វើឲ្យស្ទះការងារលោក សោម ដូរ៉េ ទាំងអស់ ។
លោក សោម ដូរ៉េ ប្រកាសក្នុងបណ្ដាញសង្គមហ្វេសបុកថា «បើសិន All Friend ក្នុង Facebook ណាបានជួប ចែរ៉ូលីន ជួយផ្ដាំប្រាប់គាត់ផងណា លោក សោម ដូរ៉េ កំពុងតែដេកដើរ ឈរអង្គុយចាំការងារគាត់ លោកបានខលតាមទូរស័ព្ទដៃ គាត់មិនលើក ខលតាមហ្វេសប៊ុកមិនឆ្លើយ សារមិនតបឃើញតែសកម្មភាពក្នុងហ្វេសប៊ុក យ៉ាងម៉េចយ៉ាងម៉ា ជួយផ្ដល់ដំណឹងផង ដើម្បីបញ្ចប់ការងារ ព្រោះជិតដល់ថ្ងៃថត ! សូមអរគុណ..!» ។
ទោះបីជាយ៉ាងណា លោក រ៉ូលីន មិនបានតបត ទៅលោក សោម ដូរ៉េ ទេ ប៉ុន្តែរឿងរ៉ាវបែបនេះ ត្រូវបានគេមើលឃើញថា ភាគច្រើនកើតឡើងលើតែតារាល្បីៗ សម្រាប់អ្នកមិនទាន់ល្បីភាគច្រើន ទៅអង្គុយចាំគេមុន ដើម្បីរង់ចាំថត ដែលអាចនិយាយជាភាសាសាមញ្ញបានថា «ល្បីហើយតំឡើងឫក»។
គេហទំព័រ Khmertaklinng នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ មិនអាចទាក់ទង សុំការបំភ្លឺបន្ថែម ពីលោក រ៉ូលីន បានទេ ៕
លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន
លោក សោម ដូរ៉េ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី