CamNews

ព័ត៌មានជាតិ 

នារីវ័យក្មេងបង្ហោះរូបប្រមាថ សម្តេចតេជោ ហ៊ុន សែន ត្រូវសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ

(ភ្នំពេញ)៖ នារីវ័យក្មេងដែលបង្ហោះរូបភាពប្រមាថ សម្តេចតេជោ ហ៊ុន សែន នៅលើ​ Facebook ត្រូវបាននគរបាលអនុញាត ឲ្យត្រឡប់ទៅផ្ទះវិញវិញហើយ នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ ក្រោយនាងឆ្លើយថា មានគេលួចយករូបភាពនាងទៅប្រើប្រាស់។

លោក សារ៉ាន កំសត់ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់អង្គភាព Fresh News ថា «ក្រោយការសួរនាំនាងប្រាប់ថា នាងជាជនរងគ្រោះដែរ គឺមានគេលួចយកឈ្មោះ នាងទៅប្រើប្រាស់ ដូច្នេះយើងសម្រេចឲ្យនាងត្រឡប់ទៅសិន ហើយបន្តស្រាវជ្រាវទៀត»

សូមបញ្ជាក់ថា កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនស្រ្តីវ័យក្មេង ដែលបង្ហោះរូបភាពប្រមាថសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅលើ​ Facebook ត្រូវបានឃាត់ខ្លួនយកទៅសួរនាំ នៅក្រសួងមហាផ្ទៃ។

សមត្ថកិច្ចបានថ្លែងឲ្យដឹងថា ការចាប់ឃាត់ខ្លួនមកទៅសួរនាំនេះ ធ្វើឡើងនៅចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, វេលាម៉ោងប្រមាណ ៨៖៣០នាទីព្រឹកថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចនឹងតាមស្វែងរកបក្ខពួក៤-៥នាក់ទៀត។ នារីវ័យក្មេងរូបនេះមានឈ្មោះ ដែលឃើញនៅលើសៀវភៅធនាគារ Aclida គឺ ដេត ម៉េងគាង។

នារីស្រស់ស្អាតរូបនេះមាន Account Facebook : Kim Bopha ដែលគេឃើញបង្ហោះពាក្យជេរសម្តេចតេជោ និងកាត់តរូបថតប្រមាថសម្តេច មានឈ្មោះពិតប្រាកដថា ដេត ម៉េងគាង អាយុ ២៣ឆ្នាំ ស្រុកំណើត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលផ្ទះលេខ ១៥៥A ផ្លូវបេតុង ក្រុមទី៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរ លក់គ្រឿងក្រអូបបន្តិចបន្តួច នៅផ្ទះជួលខាងលើ។

បន្ទប់ជួលនេះមានអ្នកស្នាក់នៅ ជាមួយ០៤នាក់ ក្នុងនោះគឺ ៖
១-ឈ្មោះ ដេត ម៉េងគាង (ជាក្មេងស្រីឃាត់ខ្លួនខាងលើ) ។
២-ឈ្មោះ យ៉ាត ដានី ភេទស្រី អាយុ១៩ឆ្នាំ មានមុរបរ លក់ដូរនៅផ្ទះ ។
៣-ឈ្មោះ យ៉ាត ដារី ភេទប្រុស អាយុ ២១ឆ្នាំ មានមុខរបរ អ្នកលេងភ្លេង ។
៤-ឈ្មោះ យឺន ពៅ ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាម្តាយឈ្មោះ យ៉ាត ដានី និង យ៉ាត ដារី ចំណែកឈ្មោះ ដេត ម៉េងគាង ដែលបានឃាត់ខ្លួនខាងលើនេះ ជាអ្នកស្នាក់នៅជាមួយកូនស្រីឈ្មោះ យ៉េត ដានី ។

ឪពុកម្តាយក្មេងស្រីដែលបានឃាត់ខ្លួននេះ មិនទាន់បានដឹងថា ឈ្មោះអ្វី និងធ្វើការអ្វីទេ ព្រោះពេលដែលនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនភ្លាម ក៏បានបញ្ជូនមកនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃតែម្តង ។

សូមបញ្ជាក់ថា អ្នកដែលស្នាក់នៅជាមួយ០៣នាក់ទៀត ដូចមានឈ្មោះខាងលើ មិនបានបញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃទេ ត្រូវបានដោះលែងឲ្យត្រឡប់មកវិញ ព្រោះមិនពាក់ព័ន្ធនឹងករណីឃាត់ខ្លួនក្នេងស្រីឈ្មោះ ដេត ម៉េងគាង នេះឡើយ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP