ទីក្រុងសេអ៊ូល៖ មន្ត្រីកូរ៉េខាងត្បូងបានឱ្យដឹង កាលពីថ្ងៃអង្គារថា ប្រព័ន្ធប្រឆាំងមីស៊ីលដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង ឥឡូវនេះ កំពុងធ្វើប្រតិបត្ដិការ ហើយអាចការពារប្រឆាំងមីស៊ីលរបស់កូរ៉េខាងជើង ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Moon Sang Gyun បានឱ្យដឹងថា ប្រព័ន្ធ Terminal High Altitude Defense ត្រូវបានតំឡើង នៅទីលានវាយកូនហ្គោលមួយ នៅតំបន់ Seongju ដែលមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ លោកមិនបាននិយាយថា តើពេលណា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលរំពឹងថា ប្រព័ន្ធ THAAD នេះ នឹងដាក់ឱ្យប្រតិបត្ដិការពេញលេញ នៅឡើយទេ។
ការដាក់ពង្រាយប្រព័ន្ធនេះ បណ្ដាឱ្យផ្ទុះការខឹងសម្បាពីសំណាក់ប្រជាជន ក្នុងតំបន់ Seongju ដែលខ្លាចក្រែងថា កូរ៉េខាងជើង អាចនឹងកំណត់គោលដៅ មកលើទីក្រុងរបស់ខ្លួន និងការខឹងសម្បាពីសំណាក់ប្រជាជន ដែលព្រួយបារម្ភអំពីគ្រោះថ្នាក់សុខភាពដ៏ចចាមអារ៉ាម ដែលផ្សាភ្ជាប់ទៅនឹងរ៉ាដានៃប្រព័ន្ធ THAAD ដ៏មានឥទ្ធិពលនេះ។
ប្រជាជន ក៏បានពិភាក្សាគ្នាផងដែរ ថាតើផលប្រយោជន៍សន្តិសុខនៃប្រព័ន្ធ THAAD នឹងបង្កើនគុណវិបត្តិច្រើនជាងមុន ឬយ៉ាងណា ប្រសិនបើទំនាក់ទំនងជាមួយប្រទេសចិន កាន់តែអាក្រក់ថែមឡើង ដែលគេបានមើលឃើញថា ប្រព័ន្ធនេះ គឺជាការគំរាមកំហែងមួយ ហើយបានបង្កឱ្យមានការខឹងសម្បា តាមរយៈសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីលោក Donald Trump ដែលថា លោកនឹងធ្វើឱ្យកូរ៉េខាងត្បូង បង់ប្រាក់ ១ ពាន់លានដុល្លារសម្រាប់ប្រព័ន្ធនេះ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ប្រព័ន្ធ THAAD នេះ មានសារៈសំខាន់ណាស់ដើម្បីប្រឆាំងនឹងអាវុធរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង បានធ្វើតេស្តនុយក្លេអ៊ែរចំនួនពីរ កាលពីឆ្នាំមុន ដែលអ្នកជំនាញបាននិយាយថា ការធ្វើតេស្ដនេះ នឹងអភិវឌ្ឍចំណេះដឹងរបស់ខ្លួន សម្រាប់ការផលិតក្បាលគ្រាប់នុយក្លេអ៊ែរធុនតូចគ្រប់គ្រាន់ដើម្បីឱ្យត្រូវនឹងមីស៊ីល និងបានពន្លឿននូវការអភិវឌ្ឍមីស៊ីលថ្មីរបស់ខ្លួន ដែលរួមមានទាំងគ្រាប់រ៉ុក្កែត ដែលដើរដោយឥន្ធនៈរឹង ដែលអាចត្រូវបានបាញ់ចេញពីជើងទម្រចល័ត នៅលើដី និងពីនាវាមុជទឹកទៀតផង។
លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកមិនបាន កាត់បន្ថយសកម្មភាពយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងជើងនោះទេ ប៉ុន្ដែលោក ក៏បានសម្តែងនូវភាពបើកចំហឱ្យមានជំនួបចរចានាពេលអនាគតផងដែរ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយលោក ផ្តល់នូវការសរសើរមិនធម្មតា សម្រាប់មេដឹកនាំផ្តាច់ការជំនាន់ទីបី នៅចំពេលមានភាពតានតឹងនុយក្លេអ៊ែរនេះ។
លោក Trump បានប្រាប់ទីភ្នាក់ងារ Bloomberg ថា៖ «ប្រសិនបើវា ជាការសមរម្យសម្រាប់ខ្ញុំ ក្នុងការជួបជាមួយនឹងគាត់ ប្រាកដណាស់ ខ្ញុំនឹងមានកិត្តិយស ក្នុងការលើកសរសើរលោក គីម»។ នៅក្នុងបទសម្ភាសន៍ ជាមួយនឹង NBC នៅក្នុងកម្មវិធី "Face the Nations" ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា ជាក់ស្ដែង លោកគីម គឺជាមេដឹកនាំដ៏ឆ្លាតវៃ ខណៈដែលលោក បានឡើងកាន់អំណាច នៅក្នុងវ័យ ២០ ឆ្នាំ ហើយលោកគ្រប់គ្រងប្រទេសបាន បើទោះបី "មនុស្សជាច្រើន" កំពុងព្យាយាមដណ្ដើមអំណាចនេះ ពីលោកក៏ដោយ។
អាគុយរបស់ប្រព័ន្ធ THAAD ត្រូវបានគ្រោងនឹងដាក់ចូល ទៅក្នុងប្រតិបត្ដិការ នៅចុងឆ្នាំនេះ។ នៅពេលការតំឡើងរួចរាល់ ប្រព័ន្ធនេះ នឹងមានជើងទម្រចំនួនប្រាំមួយជាប់នឹងខ្នងរថយន្ដ ដែលអាចបាញ់ស្កាត់ បានរហូតដល់ទៅ ៤៨ គ្រាប់តទល់នឹងមីស៊ីល ដែលចាប់បាន ដោយប្រព័ន្ធរ៉ាដា X-Band ៕
ប្រែសម្រួល៖ ដេវីដ
ប្រភព៖ Associated Press