CamNews

ព័ត៌មានអន្តរជាតិ 

តួកគីចង់ឱ្យកម្ពុជាបិទសាលារៀន ដែលជាប់ទាក់ទឹននឹងអំពើរដ្ឋប្រហារ

មន្រ្តីសា្ថនទូតតួកគីប្រចាំនៅកម្ពុជា អំពាវនាវឱ្យបិទសាលារៀនដែលពួកគេយល់ថា មានជាប់ ទាក់ទឹននឹងអាចារ្យម្នាក់ដែលត្រូវបានគេចោទថា គឺជាអ្នកនៅពីក្រោយខ្នងនៃអំពើរដ្ឋប្រហារមិន
បានសម្រេចនៅតួកគី កាលពីយប់ថ្ងៃទី ១៥កក្កដា។

មន្រ្ដីម្នាក់នៅស្ថានទូតតួកគី ប្រចាំនៅកម្ពុជា កាលពីម្សិលមិញ បានប្រាប់ AFP ថា “យើងខ្ញុំបាន
ដឹងថា Fethullah Gulen ស្ថិតនៅពីក្រោយអំពើរដ្ឋប្រហារ ហើយយើងខ្ញុំក៏ដឹងដែរថា សាលារៀន
Zaman មានជាប់ទាក់ទឹននឹងមនុស្សម្នាក់នេះ”។

សាលាអន្តរជាតិហ្សាម៉ាន (រូបថត ៖ Cambodia Daily)

មន្រ្ដីនៅស្ថានទូតតួកគីម្នាក់នេះបន្ដថា “នេះគឺមូលហេតុដែលយើងខ្ញុំចង់ឃើញសាលារៀននេះ
បិទទ្វារ”។

នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើទំព័រ Facebook របស់ស្ថានទូតតួកគី កាលពីថ្ងៃទី ១៨
កក្កដា ឯកអគ្គរដ្ឋទូតតួកគី Kemal Ilhan Tug បានហៅចលនា Gulen ថាជា “អង្គការភេរវកម្ម”។
ឯកអគ្គរដ្ឋទូតតួកគីថ្លែងថា ៖ “យើងខ្ញុំបានជជែកគ្នាជាមួយរដ្ឋាភិបាលកម្ពុជាអំពីបញ្ហាសាលា
រៀន Zaman នៅកម្ពុជា។ យើងខ្ញុំបានស្នើឱ្យបញ្ឈប់រាល់សកម្មភាពជំនួយដល់សាលារៀននេះ”។
ក៏ប៉ុន្តែ អគ្គនាយកនៃសាលារៀនអន្តរជាតិ Zaman (សាលារៀននេះ មានសិស្សជាង ២០០០នាក់) បានទាត់ចោលការចោទប្រកាន់ខានលើ។

Ejder Kilic ប្រធានក្រុមហ៊ុន Zaman បានឱ្យដឹងតាមរយៈអ៊ីម៉ែលថា “បណ្ដាស្ថាបនិកនៃសាលា
រៀនអន្តរជាតិ Zaman បានចាប់ផ្ដើមបង្កើតសាលារៀននេះ ជាមួយនឹងកាលើកទឹកចិត្តពីលោក
Fethullah Gulen។ ប៉ុន្តែ Fethullah Gulen មិនដែលមានទំនាក់ទំនងផ្លូវការ ឬមានសិទ្ធិគ្រប់គ្រង
សាលារៀននេះនោះទេ”។

ចំណែកភាគីកម្ពុជាវិញ បានឱ្យដឹងថា កម្ពុជាមិនទាន់បានទទួលការស្នើជាផ្លូវការពីតួកគី ទាក់
ទឹននឹងការបិទទ្វារសាលារៀននេះ។

សូមបញ្ជាក់ថា សាលារៀនខាងលើ ត្រូវបានបង្កើនឡើងកាលពីឆ្នាំ ១៩៩៧ ដោយអតីតអ្នករាយ
ការណ៍ព័ត៌មានម្នាក់របស់ Zaman ដែលជាទីភ្នាក់ងារសារព័ត៌មានមួយត្រូវបានយល់ថា មាន
ជាប់ទាក់ទឹននឹងលោក Gulen រហូតវាត្រូវបានរដ្ឋាភិបាលតួកគីយកមកគ្រប់គ្រងកាលពីខែមិនា។

លោកអាចារ្យ Gulen អាយុ ៧៥ឆ្នាំ រស់នៅសហរដ្ឋអាមារិក ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតដល់
បច្ចុប្បន្ន។ ប្រធានាធិបតីតួកគី Recep Tayyip Erdogan យល់ថា Gulen នៅពីក្រោយខ្នងនៃអំពើ
រដ្ឋប្រហារមិនបានសម្រេច កាលពីយប់ថ្ងៃទី ១៥កក្កដាកន្លងទៅ។ រដ្ឋាភិបាលក្រុង Ankara បាន
ចាប់ខ្លួនមនុស្សជាង ៩០០០នាក់ និងបានបណ្ដេញគ្រូបង្ហៀនចំនួន ១៥២០០នាក់ ក្រោមបទ
ចោទប្រកាន់ថា មានទំនាក់ទំនងនឹងអាចារ្យ Gulen។

ចំណែកលោក Gulen វិញ បានបដិសេធថា មិនបាននៅពីក្រោយអំពើរដ្ឋប្រហារនេះនោះទេ ហើយ
បានហៅការចោទប្រកាន់របស់ទីក្រុង Ankara ថា ជារឿនគួរឱ្យអស់សំណើច៕

ប្រែសម្រួល ៖ បុត្រា


Tags: កម្ពុជា តួកគី រដ្ឋប្រហារ សាលារៀន Zaman