CamNews

ព័ត៌មានអន្តរជាតិ 

ស្តេច អារ៉ាប៊ី សាអូឌីត យាងមកដល់​​​ឥណ្ឌូណេស៊ី​​​ហើយ ក្រោម​ការ​ការពារ​​សន្តិសុខ​​យ៉ាង​តឹង​រ៉ឹងបំផុត!

(ហ្សាការតា)៖ ព្រះចៅ Salman នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានយាងមកដល់រដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីហើយនៅថ្ងៃពុធនេះ ខណៈដែលព្រះអង្គកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរយៈពេល ១ខែទូទាំងទ្វីបអាស៊ី។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នារសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។



យន្តហោះរបស់ព្រះចៅ Salman បានចុះចតនៅអាកាសយានដ្ឋានយោធា នៃរដ្ឋធានីហ្សាការតាក្រោមការការពារសន្តិសុខយ៉ាងខ្លាំងក្លាបំផុតពីអាជ្ញាធរឥណ្ឌូណេស៊ី ដែលជាប្រទេសមូស្លីមធំជាងគេបំផុតលើលោក។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គ Salman នេះគឺមិនធ្លាប់មាននោះឡើយនារយៈពេលជាង ៥ទសវត្សរ៍មកនេះក្នុងនាមជាស្តេចនៃមហាអំណាចនៅពិភពអារ៉ាប់។ នៅល្ងាចថ្ងៃពុធនេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នឹងទទួលស្វាគមន៍ដំណើរយាងមកដល់របស់ព្រះចៅ Salman។



ព្រះទីនាំងនៃព្រះចៅ Salman ពីព្រលានយន្តហោះត្រូវបានរៀបចំឡើងដ៏ធំលើសសព្វដង ដោយក្នុងនោះឥណ្ឌូណេស៊ីបានរៀបចំមន្ត្រីសន្តិសុខ និងមន្ត្រីរដ្ឋាភិបាលសរុបជិត ១,៥០០នាក់ឲ្យហែរហមដំណើរ ហើយនឹងការរៀបចំពិធីទទួលដោយប្រើប្រាស់រថយន្តទំនើបៗ ព្រមទាំងឧបករណ៍ពិធីការដ៏ប្រណិតៗថែមទៀត ដើម្បីឲ្យសាកសមទៅនឹងកិត្តិយសនៃប្រទេសធំជាងគេប្រចាំតំបន់អាស៊ានមួយនេះ។

គួរបញ្ជាក់ថាប្រទេសទាំងពីរ ឥណ្ឌូណេស៊ី-អារ៉ាប៊ី សាអូឌីត គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការកម្ចាត់អំពើភេរវកម្ម។ នៅអំឡុងពេលដែលព្រះចៅ Salman បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីរយៈពេល១២ថ្ងៃនេះ សន្តិសុខមានការរឹតបន្តឹងខ្លាំង ខណៈការវាយប្រហារដោយបំផ្ទុះគ្រាប់បែកកាលពីប៉ុន្មានថ្ងៃមុនព្រះអង្គយាងមកដល់ឥណ្ឌូណេស៊ី ត្រូវបានអាជ្ញាធរប្រទេសអាស៊ានមួយនេះអះអាងថា ជាទង្វើនៃបណ្តាញក្រុមរដ្ឋអ៊ីស្លាម ISIS៕



ប្រភព ៖ CNA


Tags: Saudi Int news Hot news UAE