(សិង្ហបុរី)៖ មន្ត្រីសាធារណៈនៅក្នុងប្រទេសសិង្ហបុរី នឹងមិនអាចចូលទៅកាន់អ៉ីនធើណេត តាមរយៈកុំព្យូទ័រការិយាល័យរបស់ពួកគេ ចាប់ពីខែឧសភា ឆ្នាំក្រោយ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
គោលការណ៍នេះបានធ្វើឡើង ដើម្បីជាផ្នែកមួយក្នុងការការពារការលេចធ្លាយរបាយការណ៍សំខាន់ៗ ចេញពីអ៊ីម៉ែល និងការចែករំលែកឯកសារ ខណៈការគម្រាមកំហែង ផ្នែកសន្តិសុខកើនឡើងខ្ពស់។ គោលនយោបាយថ្មីនេះ នឹងប៉ះពាល់ដល់កុំព្យូទ័រប្រមាណ ១០០,០០០គ្រឿង ដែលបានប្រើប្រាស់ដោយមន្ត្រីសាធារណៈ។
«រដ្ឋាភិបាលសិង្ហបុរី តែងតែត្រួតពិនិត្យឡើងវិញ នូវវិធានការព័ត៌មានវិទ្យា ដើម្បីធ្វើឲ្យប្រព័ន្ធរបស់យើងកាន់តែមានសុវត្ថិភាព» នេះបើតាមអ្នកនាំពាក្យស្ថាប័ន Singapore's Infocomm Development Authority បានឲ្យដឹងយ៉ាងដូច្នេះ។ គោលការណ៍ថ្មីនេះ ក៏នឹងធ្វើឲ្យមានការព្រួយបារម្ភមួយចំនួនផងដែរ ដោយលោក Aloysius Cheang នាយករងប្រតិបត្តិ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃសមាគមសន្តិសុខកុំព្យូទ័រពិភពលោក Cloud Security Alliance បានលើកឡើងថា វានឹងវិលត្រឡប់ទៅកាន់អំឡុងឆ្នាំ១៩៩០វិញ ហើយនៅពេលដែលអ៉ីនធើណេត អាចចូលទៅបានវិញ ទាល់តែមានការកំណត់ត្រឹមត្រូវ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី