(គែរ)៖ មន្ត្រីក្រសួងវប្បធម៌អេហ្ស៊ីប បានចាប់ផ្តើមដំណើរការផ្ទេរវត្ថុបុរាណអាយុកាលជាង ៣,០០០ឆ្នាំគឺរូបចម្លាក់ពីថ្មដ៏ល្អប្រណិតដែលបង្ហាញពីសម័យកាលនៃអាណាចក្រអេហ្ស៊ីបបុរាណដ៏អស្ចារ្យនោះ ទៅកាន់សារមន្ទីរជាតិស្ថិតនៅក្នុងរដ្ឋធានីគែរដើម្បីធ្វើការអភិរក្សបន្ថែម និងដាក់តាំងបង្ហាញក្នុងន័យទាក់ទាញភ្ញៀវទេសចរមកស្វែងយល់ពីអរិយធម៌ដ៏អស្ចារ្យ នៃប្រទេសតំបន់អាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីអេហ្ស៊ីបលោក Khaled al-Anany បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «រូបចម្លាក់ធំជាងរូបពិតដែលត្រូវបានរកឃើញកាលពីសប្តាហ៍មុននៅក្នុងសង្កាត់ Matariya នៃទីក្រុងគែរនោះ ត្រូវបានគេសន្មត់ថាជារូបចម្លាក់របស់ Psammetich I ជាព្រះចៅរាជវង្សផារ៉ាអូស នៃរជ្ជកាលទី២៦ ដែលបានគ្រប់គ្រងប្រទេសអេហ្ស៊ីបពីចន្លោះឆ្នាំ ៦៦៤ ដល់ ៦១០ មុនគ.ស។
គួរបញ្ជាក់ថាអាណាចក្រអេហ្ស៊ីបុរាណ ជាអរិយធម៌រុងរឿងជាងគេនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលមានបណ្តុំនៃប្រាសាទពីរ៉ាមីត និងរូបចម្លាក់ពីបុរាណដ៏អស្ចារ្យ បើទោះបីជាទីនោះស្ថិតនៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វឺយក៏ដោយ។ ប្រាសាទពីរ៉ាមីតនៅជីសា និងប្រាសាទពីរ៉ាមីតដែលមានអាយុកាល ៦,០០០ឆ្នាំគឺជាប្រាសាទដ៏ធំអស្ចារ្យត្រូវបានកសាងដោយមនុស្ស មានអាយុកាលចំណាស់ជាងគេបំផុតនៅលើលោក៕
ប្រភព ៖ ស៊ិនហួរ