(ភ្នំពេញ)៖ ការប្រគំតន្រ្តី «ស្នាមញញឹម» ដ៏អស្ចារ្យ នារាត្រីថ្ងៃទី១៦ ខែធ្នូ នៅស្ថាតអូឡាំពិក បានធ្វើឲ្យកក្រើកដ៏អ្នកទស្សនា ចូលរួម យ៉ាងច្រើនកុះករ ដោយសារតែព្រឹត្តការណ៍ប្រគំតន្រ្តីដ៏ធំនេះ បានប្រមូលផ្តុំដោយតារាខ្មែរ-ថៃដ៏ល្បីៗចូលរួមធ្វើឲ្យឆាក ប្រគំតន្រ្តី នេះ រឹតតែអស្ចារ្យ និងពោរពេញដោយភាពសប្បាយរីករាយ។
ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបង្កើតការប្រគំតន្រ្តី «ស្នាមញញឹម» នេះឡើងក្នុងគោលបំណងដើម្បីជាការចែករំលែក បទពិសោធន៍ឲ្យគ្នាទៅវិញមក និងជាការរឹតចំណងទំនាក់ទំនងរវាងអ្នកសិល្បៈ និងអ្នកសិល្បៈ ជាពិសេសគឺដើម្បីអបអរសាទរ ពិធីបុណ្យណូអែល និងពិធីបុណ្យឆ្លងឆ្នាំសាកល ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ការប្រគំតន្រ្តីនាយប់មិញនេះ មានការចូលរួមពីតារាល្បីៗជាច្រើនរូប នៅក្នុងប្រទេសកម្ពុជារួមមាន លោក ខេមរៈ សិរីមន្ត កញ្ញា សុខ ពិសី កញ្ញា លីនដា និងតារាខ្មែរជាច្រើនរូបទៀត។ ចំណែកតារាចំរៀងល្បីៗមកពីប្រទេសថៃរួមមាន កញ្ញា Kanomjean និងក្រុមបុរសសង្ហារ Flame (មានសមាជិកក្រុមចំនួន៤នាក់) ចូលរួមនៅក្នុងការប្រគំតន្រ្តីដ៏អស្ចារ្យរបស់ស្ថានីយ៍ទូរទស្សប៍ប៉ុស្តិ៍ លេខ៥ នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។
នៅក្នុងឱកាសអបអរសាទរពិធីឆ្លងឆ្នាំថ្មី ម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏អស្ចារ្យនេះ បានរៀបចំឲ្យមានចាប់ឆ្នោតរង្វាន់ធំ គឺរង្វាន់រថយន្តស៊េរីទំនើប១គ្រឿង ជូនចំពោះអតិថិជនផងដែរ។
ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបង្កើតកការប្រគំតន្រ្តី «ស្នាមញញឹម»ដោយបាន រៀបចំធ្វើឡើងរៀងរាល់ខែ ពោលគឺនៅ ថ្ងៃសុក្រ ដើមខែ។ គិតមកដល់ពេលនេះ ការប្រគំតន្រ្តី «ស្នាមញញឹម» បានប្រព្រឹត្តទៅជិត៦ខែ ហើយក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីទស្សនិជនផងដែរ៕