ព័ត៌មានកំសាន្ត ៖ នៅក្នុងថ្ងៃ Valentine day ដែលឈាងជិតចូលមកដល់ បានធ្វើឲ្យមានអ្នកលក់ជាច្រើននាំគ្នា ចែកចាយសាខានិងរើសទីតាំងដែល្អបំផុតដើម្បីលក់ផ្កា និងមានអ្នកខ្លះទៀតទន្ទឹងរង់ចាំឲ្យដល់ថ្ងៃនេះដើម្បីប្រារព្ធពិធីនេះជាមួយនិងមនុស្សដែលពួកគេស្រលាញ់ ។
ជារៀងរាល់ឆ្នាំនៅតែមានមនុស្សជាច្រើនយល់ច្រឡំនូវអត្ថន័យពាក្យថា Valentine day ថា ជាថ្ងៃបុណ្យសង្សារ ប៉ុន្តែការពិតបុណ្យនេះគឺជាបុណ្យនៃសេចក្តីស្រលាញ់ដែលសំដៅទៅលើមនុស្សដែលយើងស្រលាញ់ទាំងអស់ ជាពិសេសនោះគឺ ប៉ាម៉ាក់ មិត្តភក្តិ បងប្អូន និងមនុស្សដែលនៅជុំវិញ ដែលតែងតែផ្តល់ក្តីស្រលាញ់និងមើលថែយើងរហូតមក មិនមែនសំដៅតែលើសង្សារនោះទេ ។
ដោយខ្លាចការយល់ច្រឡំនេះនៅតែបន្តសម្រាប់យុវវ័យមួយចំនួន ដែលជឿលង់ទៅតាមសង្សាររហូតខូចខ្លួនប្រាណ និងអស់ព្រហ្មចារីយ៍ ដោយសារតែពាក្យសម្តីលួងលោមរបស់មនុស្សប្រុស ដូច្នេះហើយទើប កំពូលតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសីបានលើកឡើងថា "នៅក្នុងថ្ងៃ ១៤ កុម្ភៈមិនមែនជាថ្ងៃសម្រាប់បុណ្យសង្សារទេ ប៉ុន្តែផ្ទុយទៅវិញគឺសំដៅទៅលើមនុស្សនៅជុំវិញខ្លួនយើង ដែលចេះឲ្យតម្លៃនិងគោរពស្រលាញ់ ។ ជាពិសេសមនុស្សស្រីសូមកុំមានការយល់ច្រឡំថា Valentine day គឺជាថ្ងៃបុណ្យសង្សារឲ្យសោះ ព្រោះវាអាចធ្វើឲ្យខូចឈ្មោះក្រោយពីខូចខ្លួនជាមួយនិងមនុស្សប្រុសដែលលួងលោមយកតែខ្លួនប្រាណរបស់យើង ហើយត្រូវចាំថាបើគេស្រលាញ់យើងពិត គេមិនដែលចង់បានអ្វីពីយើងនោះទេ គឺត្រឹមតែក្តីស្រលាញ់ស្មោះមួយនិងមួយគឺគ្រប់គ្រាន់ហើយ" ។
នេះហើយគឺជាការលើកឡើង ព្រមទាំងផ្តែផ្តាំ ដើម្បីឲ្យមិត្តៗយុវវ័យកុំឲ្យមានការយល់ច្រឡំចំពោះអត្ថន័យនៃថ្ងៃ Valentine day តទៅទៀត ជាពិសេសស្រីកុំភ្លេចថែរក្សាខ្លួនឲ្យបានល្អផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB