(អារ៉ាប៊ី សាអ៊ូឌីត)៖ សារព័ត៌មានអាល់អារ៉ាប៊ីយ៉ា (Al Arabiya) របស់ អារ៉ាប៊ី សាអូឌីត បានរាយការណ៍នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦ ថាព្រះអង្គម្ចាស់ Turki bin Saud al Sabir ត្រូវបានតុលាការទីក្រុងរីយ៉ាដ (Ryad) កាត់ទោសប្រហារជីវិត ពីបទមនុស្សឃាតលើបុរសវ័យក្មេងម្នាក់ កាលពីជាងបីឆ្នាំមុន ហើយនេះគឺជារឿងដ៏កម្របំផុតមួយដែលសមាជិក ក្រុមគ្រួសាររាជ្យវង្ស នៃព្រះមហាក្សត្រ អារ៉ាប៊ី សាអ៊ូឌីត ត្រូវគេកាត់ទោសប្រហារជីវិត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Turki ត្រូវបានក្រុមអ្នកស៊ើបអង្កេត និង តុលាការរកឃើញថាបានប្រព្រឹត្តអំពើមនុស្សឃាតលើបុរសម្នាក់ ឈ្មោះ Adel al Mohaimeed បន្ទាប់ពីមានជម្លោះវាយតប់គ្នាមួយ ចំណែកឯក្រុមគ្រួសារជនរងគ្រោះបានបដិសេធទទួលយកសំណង និងស្នើឱ្យតុលាការអនុវត្តន៍តាមច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មាន អាល់អារ៉ាប៊ីយ៉ា មិនបានបញ្ជាក់ថាព្រះអង្គម្ចាស់ Turki bin Saud al Sabir ត្រូវបានកាត់ទោសប្រហារជីវិតដោយវិធីសាស្រ្តណានោះទេ គ្រាន់តែគេដឹងថាមនុស្សភាគច្រើនដែលជាប់ទោស ប្រហារជីវិតនៅប្រទេស អារ៉ាប៊ី សាអូឌីត គឺត្រូវបានគេកាត់ក្បាលជាមួយនឹងដាវ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង