(កំពង់ស្ពឺ)៖ គិតត្រឹមវេលាម៉ោង១៖០០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ របស់ខេត្តកំពង់ស្ពឺ បាននិងកំពុងបន្តជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ដែលឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ New Best ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «នៅពេលនេះភ្លើងមិនទាន់បានរលត់នៅឡើយទេ តែបានថមថយខ្លះ ហើយយើងបានបន្តជួយអន្តរាគមន៍ បាញ់ទឹកទៅពន្លត់នៅខាងក្នុង ដោយកម្លាំងរបស់យើងខ្លះ បានឡើងទៅលើដំបូល និងខ្លះទៀតបានវាយទម្លុះជញ្ជាំង ដោយប្រើគ្រឿងចក្រដើម្បីនាំទុយោទឹកទៅបាញ់នៅខាងក្នុង»។
លោកឧត្តមសេនីយ៍ដែលកំពុងឈរបញ្ជាកម្លាំង បាញ់ពន្លត់អគ្គិភ័យខ្លាំងមួយនេះ បានបន្តទៀតថា នៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនៅឡើយទេ។
លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ថា សម្រាប់គ្រោះអគ្គិភ័យមួយនេះ មិនមានគ្រោះថ្នាក់ដល់កម្មករណាម្នាក់ ក្នុងចំណោមកម្មករសរុបប្រមាណ៦០០នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រនោះទេ ក៏ព្រោះតែនៅពេលកើតឡើងនោះ ក្រុមកម្មករបានដល់ម៉ោងឈប់សម្រាក ហើយចេញមកហូបបាយនៅខាងក្រៅ។
គិតត្រឹមវេលាម៉ោង ១៖១៥នាទីរសៀលថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វីុ សំណាង បានចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយលោកថា មូលហេតុនោះគឺមកពីជាងផ្សាដែក រួចបណ្តាលឲ្យធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យឆេះកំណាត់នៅខាងក្រោមតែម្តង។
សម្រាប់គ្រោះអគ្គិភ័យមួយនេះ ខាងក្រុមអង្គភាព ៧១១ នៃកងពលតូចលេខ៧០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងទៅបាញ់ពន្លត់ផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី