(ប៉ារីស)៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិមាន់គកបារាំងលោក Laurent Blanc បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ២ឆ្នាំទៅមុខទៀត ពោលគឺនឹងផុត កំណត់រហូតដល់ឆ្នាំ២០១៨ ក្នុងការបន្តដឹកនាំក្រុមជើងខ្លាំង Paris Saint Germain ។
ថ្លែងប្រាប់សារព័ត៌មាន BBC បុរសវ័យ៥០ឆ្នាំខាងលើបានឲ្យដឹងថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្លឹប ដែលឲ្យតម្លៃខ្ញុំ ។ បេសកកម្ម របស់ពួកយើងមិនទាន់បានបញ្ចប់នោះទេ ជាពិសេសគឺពានដែលលំបាកឈ្នះ Champions League ក៏ប៉ុន្តែថ្ងៃណាមួយ យើងនឹងធ្វើបានមិនខាន”។
សូមរំលឹកដែរថា អតីតកីឡាករខ្សែការពាររបស់ក្រុមជម្រើសជាតិបារាំងរូបនេះ បានចូលដឹកនាំ PSG ក្រោយពេល លោក Carlo Ancelotti លាលែងពីតំណែង ក្នុងខែមិថុនា ឆ្នាំ២០១៣ ដោយបានដឹកនាំ PSG ឈ្នះជើងឯកពាន Ligue 1 ២សម័យកាលជាប់ៗគ្នា និងកំពុងនាំមុខ២៤ពិន្ទុបច្ចុប្បន្នក្នុងរដូវកាលនេះ ដោយដឹកនាំលេង៣៥ប្រកួតមិនទាន់ចាញ់នៅឡើយទេ ។
មួយវិញទៀត លោក Laurent Blanc នឹងដឹកនាំក្រុម Paris ប្រកួតបើកឆាកពាន Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយផងដែរ សប្តាហ៍ក្រោយ ទល់នឹងក្រុមជើងឯកអង់គ្លេស Chelsea នាម៉ោង ២៖៤៥នាទីរំលង អធ្រាត្រ (ម៉ោងនៅកម្ពុជា) គ្រាដែល Benfica ស្វាគមន៍ក្រុម Zenit St. Petersburg មកពីរុស្ស៊ី ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី