CamNews

កីឡាជាតិ 

ប្រតិកម្ម សម្តេចតេជោ ហ៊ុន សែន ក្រោយ កីឡាករប៉េតង់ សុខ ចាន់មាន ឈ្នះមេដាយមាសពិភពលោក

(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ នៅពេលនេះនាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមសម្តែងការអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» ព្រមទាំងទទួលស្វាគមន៍នៅថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង៤៖០០នាទី នៅវិមានសន្តិភាព។


សម្តេចតេជោ ហ៊ុន​ សែន បានសរសេររៀបរាប់នៅលើ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» នៅក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ដែលមានកីឡាករចូលរួមប្រកួតមកពី៤៨ប្រទេស។

ទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា និងសហពន្ឋកីឡាប៉េតង់កម្ពុជាដែល បានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករ និងលើកកម្ពស់កីឡាប៉េតង់កម្ពុជារហូតទទួលបានមេដាយមាសនៅថ្ងៃនេះ។ នេះគឺជាមោទនៈភាពរបស់ កម្ពុជាទាំងមូល។ ខ្ញុំនឹងទទួលស្វាគមន៍កីឡាករយើង នៅវេលាម៉ោង៤៖០០ល្ងាចនាថ្ងៃសុក្រ ទី៩ ធ្នូ ២០១៦ នៅវិមានសន្តិភាព។ សូមជូនពរដលល់កីឡាករកម្ពុជា ទាំងអស់ទទួលបានជោគជ័យថ្មីៗនៅក្នុងការប្រកួតជាបន្តទៀត»

លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា កីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ។ គណៈប្រតិភូកម្ពុជា នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៦៖៣៥នាទីល្ងាច ហើយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហការជាមួយ​ក្រសួងអប់រំ និងសហព័ន្ឋកីឡាប៉េតង់ ដើម្បីរៀបចំពិធីទទួលផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: local sport news Hun Sen