CamNews

ព័ត៌មានអន្តរជាតិ 

ករណីស្លាប់អ្នកលក់ត្រី ព្រោះតែប៉ូលីស កក្រើកការតវ៉ា ទូទាំងប្រទេស ខណៈ ស្តេចចេញមុខ ឈឺឆ្អាល

ព័ត៌មានអន្តរជាតិ ៖ ប្រជាជនម៉ារ៉ុក រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅតាមបណ្តាទីក្រុង ធំៗនៅក្នុងប្រទេស បន្ទាប់ពីអ្នកលក់ត្រីម្នាក់ ត្រូវបានរថយន្តប៉ូលីសបុកដល់ស្លាប់ បន្ទាប់ពីគាត់ ព្យាយាមចង់បានត្រលប់មកវិញនូវត្រីរបស់ខ្លួន ដែលត្រូវបានប៉ូលីសក្នុងស្រុក រឹបអូសយក ។ 


របាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណីស្លាប់អ្នកលក់ត្រីដែលមានឈ្មោះថា លោក Mouhcine Fikri ពីភាគ ខាងជើងក្រុង Al-Hoceima កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ បាននាំឲ្យផ្ទុះការខឹងសម្បារជាខ្លាំង នៅតាមបណ្តាញសង្គម រហូតធ្វើឲ្យមានការផ្ទុះការតវ៉ាផ្ទាល់តែម្តង។ ករណីស្លាប់របស់លោក បានឲ្យដឹង ថាជាករណីស្រដៀងខ្លាំងទៅនឹងការស្លាប់ អ្នកលក់ផ្លែឈើជនជាតិទុយនេស៊ីមួយនាក់ កាលពីឆ្នាំ ២០១០ ដែលករណីនោះហើយបាននាំមកនូវបដិវដ្តតំបន់អារ៉ាប់ "Arab Spring"។ 

យ៉ាងណាមិញ បើតាមការចេញផ្សាយពីប្រភពសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ឲ្យដឹងថាករណីស្លាប់អ្នកលក់ ត្រីខាងលើ ស្តេចប្រទេសម៉ារ៉ុក ព្រះអង្គម្ចាស់ Mohamed បានចេញបញ្ជាឲ្យមន្រ្តីផ្លូវការក្នុងស្រុក ចុះទៅ សួរសុខទុក្ខ និងរំលែកមរណក្រុមគ្រួសារនៃសពលោក Fikri ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះអង្គក៏បានបង្គាប់ បញ្ជាឲ្យមន្រ្តីក្រសួងការពារជាតិ និងយុត្តធម៌ បើកការស៊ើបអង្កេតរួមគ្នា ពាក់ព័ន្ធនឹងករណីស្លាប់ដ៏កម្រ មួយនេះដែលបាននាំឲ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Morocco fish protest demonstration