ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីល្បាញខ្លាំងពីរដួង លោក ខេមរៈ សិរីមន្ត និង លោក ខាន់
ជែមស៍ កាលពីមុនមកអ្នកទាំងពីរ ត្រូវបានគេដឹងថា ជាតារាចម្រៀងខ្លាំងរៀងៗខ្លួន តែស្ថិត
ក្នុងផលិតកម្មពីរផ្សេងគ្នា ប្រៀបបីដូចជាខ្លាពីរ រស់នៅលើភ្នំពីរខុសគ្នា យូរទើបពួកគេជួបគ្នា
ម្ដង។ តែដោយសារផលិតកម្មរ៉ុក ជាផលិតកម្មផលិតបទចម្រៀងប្រកាន់ជំហមិនចំឡងគេ
បានដួលរលំ តារាចម្រៀងទាំងអស់ក៏នាំគ្នាចែកចានចែកឆ្នាំង រើកញ្ជើ ដើររកទ្រនំថ្មី រៀងៗ
ខ្លួន។ ក្នុងនោះតារាចម្រៀងល្បីខ្លាំងជាងគេ លោក ខាន់ ជែមស៍ បានសម្រេចចិត្ត ហក់ចូល
ផលិតកម្ម សាន់ដេ ជាផលិតកម្មមួយ មានការពេញនិយមខ្លាំង ពីសំណាក់បងប្អូន មិនថានៅ
តាមបណ្ដាខេត្ត ឬទីប្រជុំជនឡើយ។
សូម្បីតែការប្រគំតន្រ្តី លក់សំបុត្រ តូចធំ ក៏ក្រុមតារាចម្រៀងនៃផលិតកម្មសាន់ដេ វ៉ាដាច់ដែរ ផ្ទុយពីផលិតកម្មចម្រៀងធំមួយទៀតដែលល្បីតែឈ្មោះ តែខ្សោះការគាំទ្រ ពីសំណាក់មហា
ជន។ បន្ទាប់ពីវត្តមាន តារាចម្រៀង ខាន់ ជែមស៍ បានចូលមកកាន់ សាន់ដេ បានធ្វើឲ្យមហា
ជនជាច្រើន តែងនិយាយថា ខ្លាពីរលើភ្នំតែមួយ ។ មតិទាំងនោះភាគច្រើនបាននិយាយថា អាចមានទំនាក់ទំនងមិនសូវល្អជាមួយគ្នាច្រើនជាង ព្រោះអ្នកខ្លាំង ប៉ះអ្នកខ្លាំងដូចគ្នាបែបនេះ
មិនសូវស្រួលទេ ។ ផលិតកម្ម សាន់ដេ បច្ចុប្បន្នមិនមែនមានតែ ខ្លាពីរនេះទេ គឺ សម្បូរទៅ
ដោយខ្លាជាច្រើន ដូចជា លោក ឆាយ វីរៈយុទ្ធ លោក កែវ វាសនា ដែលសុទ្ធតែជាតារា
ចម្រៀង មានទីផ្សារខ្លាំងក្លា ។
ក្នុងវេទិការសាធារណៈមួយ លោក ខាន់ ជែមស៍ បាននិយាយថា លោកពិតជាមានទំនាក់ទំនង
មិនល្អជាមួយ សិរីមន្ត ព្រោះជាគូប្រជែង ស៊ីសាច់ហូតឈាម ថែមទាំងចង់សងសឹកគ្រប់ពេល
វេលាទៀតផង ។ តែពាក្យសម្ដីទាំងអស់នេះ ហាក់បីដូចជាគួរឲ្យភ្ញាក់ផ្អើល សម្រាប់ប្រិយមិត្ត
អ្នកអាន ព្រោះគ្រាន់តែពាក្យនិយាយរៀបរាប់ពីការសម្ដែង ក្នុងភាពយន្តថ្មី នៃផលិតកម្មសាន់
ដេ រឿង "ព្រាយក្បាយ៨" ប៉ុណ្ណោះ ខណៈលោក ខាន់ ជេមស៍ ត្រូវសម្ដែងជាតួបងធំ រីឯ លោក
ខេមរៈ សិរីមន្ត សម្ដែងជាតួក្រុមនិស្សិត ត្រូវកាច់កុងគ្នា តាំងពីដើមរហូតដល់ចប់ ។
ដោយបញ្ជាក់ ទៅកាន់មហាជនជាថ្មី លោក ខាន់ ជេមស៍ បាននិយាយថា ចំណែកនៅក្រៅ
សិល្បៈវិញ លោកមានទំនាក់ទំនងល្អណាស់ ជាមួយលោក សិរីមន្ត អាចនិយាយបានថា ជា
មិត្តល្អកម្ររកបានទៀតផង ។ បន្ទាប់ពីនិយាយចប់ ជេមស៍ បានចាប់ដៃគ្នាជាមួយ សិរីមន្ត
ដើម្បីបញ្ជាក់ពីភាពជិតស្និទ្ធ ស្រឡាញ់រាប់អានគ្នា ឲ្យកាន់តែច្បាស់ ហើយក៏បានវិលទៅកាន់
កៅអីរបស់ខ្លួន ដែលនៅជិតនឹងសិរីមន្ត បង្ហាញពីភាពស្និទ្ធស្នាល ដូចធម្មតាវិញ ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល