(តៃវ៉ាន់)៖ លោកស្រី Tsai Ing-wen ដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្រីដំបូងរបស់ កោះតៃវ៉ាន់ កាលពីដើមឆ្នាំ២០១៦នោះ បានស្បថចូលកាន់តំណែងនៅថ្ងៃនេះជាផ្លូវការហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦។
លោកស្រី Tsai Ing-wen បានយកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី លើអតីតគណបក្សកាន់អំណាច Koumingtang ដោយបានបញ្ចប់រយៈពេល កាន់អំណាចរបស់គណបក្ស ដែលមានទំនោខ្លាំងទៅរក ចិននេះរយៈពេល ០៨ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Ma Ying-Jeou។
គួរបញ្ជាក់ថា ប្រជាជនតៃវ៉ាន់ភាគច្រើនត្រូវបានគេស្រង់មតិ ដោយពួកគេបានបង្ហាញ ក្តីព្រួយបារម្ភ ចំពោះការដឹកនាំរបស់លោក Ma ដែលបានខិតជិតស្និតនឹងប្រទេសចិនខ្លាំងពេក។ យ៉ាងណាក៏ ដោយរដ្ឋាភិបាលថ្មីរបស់ស្រី Tsai Ing-wen នេះត្រូវបានគេមើលឃើញថា អាចមានទំនោខ្លាំងទៅរក ការទាមទារឯករាជ្យ ឬក៏មិនចង់ឲ្យទីក្រុងប៉េកាំងលូកលាន់ក្នុង កិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀតនោះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី