CamNews

ព័ត៌មានអន្តរជាតិ 

ធ្ងន់កហើយ!! ជម្លោះការទូត កូរ៉េខាងជើង-ម៉ាឡេស៊ី ព្រោះរឿងសម្លាប់ ហាមដាច់ខាត ប្រជាជនចេញពីប្រទេស

(សេអ៊ូល)៖ សង្គ្រាមការទូតរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីកាន់តែអាក្រក់ខ្លាំងឡើងថែមទៀតហើយ ដោយពេលនេះប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់ ដែលកំពុងស្នាក់នៅកូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យចាកចេញ ពីប្រទេសកុម្មុយនិស្តមួយនេះឡើយ ដែលវាមានន័យថា ពួកគេទាំងនោះក្លាយជាចំណាប់ខ្មាំង រហូតដល់រឿងក្តីលោក គីម ជុងណាំ ត្រូវបានដោះស្រាយរួចរាល់ ទើបអាចមានការសម្រេចជាថ្មី ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មាន Reuters ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។



សារព័ត៌មានរដ្ឋ KCNA បានដកស្រង់សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកូរ៉េខាងជើង ចេញនៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ជនជាតិម៉ាឡេស៊ីទាំងអស់នៅកូរ៉េខាងជើង នឹងត្រូវហាមឃាត់ជាបណ្តោះអាសន្ន សម្រាប់ការធ្វើដំណើរចាកចេញពីប្រទេសនេះ រហូតដល់រឿងក្តីដែលបានកើតមានឡើង នៅម៉ាឡេស៊ីទាំងអស់ ត្រូវបានដោះស្រាយរួចរាល់»។ មិនត្រឹមតែរឿងក្តីពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក គីម ជុងណាំប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកូរ៉េខាងជើងចង់បានថែមទៀតនោះ គឺការដោះស្រាយវិវាទការទូតរវាងប្រទេសទាំងពីរ ដែលកំពុងតែក្តៅគគុកបំផុត៕





ប្រភព ៖ Reuters 


Tags: North korea South korea Kim Jong Un Kim jong nam