ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍សារព័ត៌មានចុះផ្សាយមុននេះបន្តិចឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាមហាសេដ្ឋីលំដាប់ជួរមុខប្រចាំប្រទេសចិន លោក Jack Ma នោះ នឹងមិនធ្វើការឧបត្ថម្ភដល់ការសិក្សាក្មេងប្រុសវ័យ ៨ឆ្នាំម្នាក់ដែលមានមុខដូចលោកនោះទេ បើទោះបីជាដើមសប្តាហ៍ នេះមានសេចក្តីរាយការណ៍ថាលោកនឹងធ្វើការឧបត្ថម្ភយ៉ាងណាក៏ដោយចុះ ។
គូសបញ្ជាក់ដល់ទស្សនាវដ្តី Fortune អ្នកនាំពាក្យឲ្យ Alibaba បញ្ជាក់ថា សេចក្តីរាយការណ៍ថាលោកនឹងធ្វើការឧបត្ថម្ភនោះ គឺខុសទាំងស្រុង ។ គួររំឮកថា កាលពីដើមសប្តាហ៍ថ្ងៃច័ន្ទកន្លងទៅនេះ សារព័ត៌ មានរដ្ឋចិន ស៊ិនហួរ បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា លោក Jack Ma បានប្តេជ្ញាថានឹងធ្វើការគាំទ្រ ផ្នែកហរិញ្ញវត្ថុដល់ការសិក្សារបស់ក្មេងប្រុសម្នាក់ ដែលមានមុខដូចលោក ពីថ្នាក់បឋម រហូតដល់ ថ្នាក់ មហាវិទ្យាល័យ ។ ក្មេងប្រុសតូចរូបនោះមានឈ្មោះថា Fan Xiaoqin ប៉ុន្តែរហ័សនាមល្បីរបស់គេនោះ គឺ "mini Jack Ma" ។ កន្លងទៅនេះរូបគេទទួលបានភាពល្បីល្បាញជាខ្លាំងនៅតាមបណ្តាញសង្គមចិន ក្រោយពីមានការចែករំលែករូបភាពរបស់គេដែលមានមុខមាត់ដូចទៅនឹងលោក Jack Ma ។
សារព័ត៌មានចិន China Daily ចុះផ្សាយឲ្យដឹងថា ក្រុមគ្រួសាររបស់ក្មេងតូច កំពុងតែជូបការលំបាកជា ខ្លាំងតួយ៉ាង ម្តាយរបស់គេ មានជម្ងឺរោគទន់សរសៃ ឪពុកពិការជើង ខណៈលោកយាយមានជម្ងឺភ្លេច ភ្លាំង។ យ៉ាងណាមិញ សេចក្តីរាយការណ៍ បន្តចុះផ្សាយជាសង្ខេបនូវប្រវត្តិលោក Jack Ma ថាបច្ចុប្បន្ន ភាពលោកគឺជាសេដ្ឋីលំដាប់ជួរមុខមួយរូបប្រចាំប្រទេសចិន ខណៈលោកគឺជាស្ថាបនិកក្រុមហ៊ុន Alibaba ដែលក្រុមហ៊ុននេះផ្ទាល់ចាប់បដិសន្ធិក្នុងឆ្នាំ ១៩៩៩ ។ ២០១៦ ឆ្នាំនេះ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ពោលនៅថ្ងៃទី ១១ វិច្ឆិកា ដែលត្រូវនឹងថ្ងៃ Singles Day online shopping ក្រុមហ៊ុនលក់បានប្រាក់ដល់ ទៅ ១២០ពាន់លានយ័ន ឯណោះ ។ បើយោងតាមទស្សនាវដ្តី Forbes លោក Jack Ma មានលុយ ប្រមាណ ២៦,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន