CamNews

ព័ត៌មានអន្តរជាតិ 

អតីតប្រធានាធិបតី រងការចោទប្រកាន់ ថាបានធ្វើឲ្យ បែកធ្លាយ​ឯកសារសម្ងាត់

(តៃប៉ិ)៖ អតីតប្រធានាធិបតី​តៃវ៉ាន់​លោក Ma Ying-Jeou នៅថ្ងៃអង្គារនេះ​ត្រូវបានចោទ​ប្រកាន់​ដោយ​ការិយាល័យ​រដ្ឋអាជ្ញាទីក្រុងតៃប៉ិ ពីបទធ្វើឲ្យ​​លេចធ្លាយ​ព័ត៌មាន​សម្ងាត់ផ្ទៃ​ក្នុង។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។


ពាក្យបណ្តឹង​ចោទប្រកាន់​ខាងលើ ​រួមបញ្ចូល​ទាំងការបំពាន​ច្បាប់ស្តីពី​ការតាមដាន​ និងសន្តិសុខ​ការទំនាក់ទំនង​ក៏ដូចជា​ច្បាប់ស្តីពី​ការការ​ពារ​ព័ត៌មាន​ផ្ទាល់ខ្លួន ដែលមាន​ជាប់ព័ន្ធ​ជាមួយករណី​លួចស្តាប់​ការសន្ទនា​មួយកាលពី​ឆ្នាំ២០១៣ ហើយសំណុំ​រឿងថ្មីនេះ​ត្រូវបានកសាង​​ឡើង​ប្រឆាំង​​នឹង​លោក Ma ដោយ​លោក Ker Chien-Ming ដែលជាសមាជិក​នៃគណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP)។

លោក Ker បានអះអាងថា​លោក Ma Ying-Jeou បានធ្វើឲ្យលេច​ធ្លាយព័ត៌មាន​សម្ងាត់ដល់​អតីតនាយករដ្ឋ​មន្រ្តី​តៃវ៉ាន់លោក Jiang Yi-Huah និងអតីត​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​លោក Lo Chih-Chian ហើយលោក Ma បានស្នើ​សុំឲ្យអតីត​អគ្គរដ្ឋអាជ្ញា​លោក Huang Shih-Ming បញ្ចេញព័ត៌មាន​លម្អិតពាក់ព័ន្ធ​នឹងការស៊ើបអង្កេត​ដែលកំពុងប្រព្រឹត្ត​ទៅលើ​លោក Ker ទៀតផង។

គួរបញ្ជាក់ថា​យោងតាម​លោក Ker Chien-Ming ព័ត៌មាន​ដែលបែកធ្លាយ​នោះបានធ្វើ​ឲ្យខូចកេរ្តិ៍ឈ្មោះ​របស់លោក​ជាខ្លាំង ខណៈលោក Ma Ying-Jeou ដែលបាន​បង្ហាញខ្លូននៅ​ឯតុលាការនៅព្រឹក​ថ្ងៃអង្គារនេះ​ បានគូសបញ្ជាក់​អំពីភាពស្អាតស្អំ​របស់លោក ហើយនិយាយថា​​ លោក Ker បានដាក់​ពាក្យបណ្តឹងនេះ​ដើម្បីបង្វែរ​ការចាប់អារម្មណ៍​របស់​សាធារណជន ចេញពីការប៉ុនប៉ង​របស់លោក​ដើម្បីបញ្ចុះបញ្ចូល​​​​​រដ្ឋ​អាជ្ញា​កុំឲ្យប្រឆាំង​ជំទាស់នឹង​សេចក្តីសម្រេច​របស់តុលារការ​ដែលថា​លោក Ker ពុំមានកំហុសនៅ​ក្នុងការចោទប្រកាន់​ពាក់ព័ន្ធនឹង​ការលួច​បន្លំ​ប្រាក់​នោះឡើយ៕

ប្រភព ៖ CNA

 

 


Tags: Taiwan CNA Hong Kong China Int news Hot news