(ម៉ានីល)៖ ប្រធានាធិបតនៃប្រទេសហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី បានយល់ព្រមលក់កាំភ្លើង មកឲ្យប្រទេសហ្វីលីពីនហើយ ដោយស្ថិតនៅក្នុងការផ្តល់ជូនយ៉ាងពិសេសគឺ «ទិញមួយថែមជូនមួយ» ដោយឥតគិតថ្លៃ ដែលនេះបានកើតឡើងបន្ទាប់ពីអាមេរិកបានប្រកាសផ្អាកលក់កាំភ្លើងសម្រាប់ប៉ូលិសមកដល់ហ្វីលីពីន ដោយចោទរដ្ឋាភិបាលលោក ឌូធើតេ ថាបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ នេះបើតាមស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីលោក ទើបត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរូ នោះលោក ឌូធើតេ បានលើកឡើងថា លោកអាចនឹងទិញកាំភ្លើង ជានិច្ចពីប្រទេសរុស្ស៊ី។ លោក ឌូធើត បានបង្ហើបយ៉ាងដូច្នេះថា «ខ្ញុំបានរៀបរាប់ប្រាប់លោក ពូទីន នៅក្នុងកិច្ចប្រជុំ APEC ក្នុងទីក្រុងលីម៉ា ហើយលោក ពូទីន រីករាយក្នុងការលក់កាំភ្លើងមកឲ្យហ្វីលីពីន ដោយទិញមួយថែមជូនមួយទៀត»៕
គួរបញ្ជាក់ថាចំណាត់ការរបស់លោក ឌូធើតេ ខាងលើនេះគឺជាការឆ្លើយតបទៅនឹងទង្វើរបស់លោក Ben Cardo សមាជិកព្រឹទ្ធសភាអាមេរិក ប្រធាននៃគណកម្មាធិការកិច្ច ការបរទេសរបស់ព្រឹទ្ធសភាអាមេរិក ដែលបានគំរាមលុបចោលការលក់កាំភ្លើងឲ្យស្ថាប័នប៉ូលិសជាតិហ្វីលីពីន ដោយខ្លួនអះអាងថាអាមេរិក មានការព្រួយបារម្ភចំពោះសិទ្ធិមនុស្ស៕
ប្រភព ៖ ស៊ិនហួរ