ភ្នំពេញ៖ ក្រុមកីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា ស្ងាត់ៗស្រាប់តែដណ្ដើម បានមេដាយចំនួន ៦គ្រឿងជូនប្រទេសជាតិរបស់ខ្លួន នៅក្នុងការប្រកួត ជើងឯកអាស៊ាន SEA Vovinam Championship លើកទី៣ ឆ្នាំ២០១៤ដែលទើបនឹងបញ្ចប់កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនេះ ។
យោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ក្នុងយុទ្ធនាការ ប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯក ប្រចាំតំបន់ឆ្នាំ២០១៤នេះ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ទទួលបានលទ្ធផល ល្អគួរជាទីគាប់ចិត្ត ដោយដណ្ដើមបានមេដាយមាស ២គ្រឿង, ប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង សរុបចំនួន៦គ្រឿងក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ។
ទោះជាយ៉ាងណាប្រភពព័ត៌មានខាងលើ មិនបានបញ្ជាក់ថា កីឡាករ-កីឡាការិនីណាខ្លះ ជាអ្នកដណ្ដើមបានមេដាយនោះទេ ប៉ុន្ដែសម្រាប់ ព្រឹត្តិការណ៍ថ្នាក់អាស៊ាននេះ គឺមានប្រទេសក្នុងតំបន់ចំនួន៧ប្រទេស បានចូលរួមប្រកួត ក្នុងនោះមានកម្ពុជា, ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ឡាវ និងប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ ។
នេះគឺជាមោទនភាពមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលក្រុមកីឡាវ៉ូវីណាម តែងតែដណ្ដើមបាន មេដាយជារឿយៗក្នុងព្រឹត្តិការណ៍ អន្ដរជាតិនាពេលកន្លងមក ។ គួរបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ អន្ដរជាតិពីមុន រហូតមកដល់បច្ចុប្បន្ននេះ ក្រុមកីឡាវ៉ូវីណាម កម្ពុជា រកបានមេដាយ សរុបចំនួន៨៤គ្រឿងហើយ ក្នុងនោះមានមេដាយមាស ១៥គ្រឿង, ប្រាក់៣០គ្រឿង និងសំរិទ្ធ៣៩គ្រឿង ៕
ផ្ដល់សិទ្ធិដោយ៖ looking today