លោក Carlos Dunga ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រេស៊ីល បញ្ចប់តួនាទីជាគ្រូបង្វឹកក្រុម ជម្រើសជាតិ បន្ទាប់ពីក្រុមជម្រើសជាតិប្រេស៊ីល មិនអាចឆ្លងវគ្គជម្រុះពូល ក្នុងការប្រកួតពានរង្វាន់ Copa America 2016។
លោក Dunga ត្រូវបានគេហៅឡើងទៅទីស្នាក់ការកណ្តាល សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ ហើយបន្ទាប់ពីមានកិច្ចប្រជុំខ្លីមួយ លោក Dunga ជាមួយនឹង ជំនួយការរបស់លោក គឺលោក Gilmar Rinaldi និងសហការី ក៏ត្រូវបានគេបណ្តេញចេញពីតួនាទី។ សេចក្តីប្រកាសជាផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រេស៊ីល ក៏បានប្រកាសឡើងមិនយូរប៉ុន្មាន បន្ទាប់ពីនោះ។
លោក Carlos Dunga
សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើង ដោយយោងទៅលើលទ្ធផល ដែលមិនមែនតែនៅក្នុងពានរង្វាន់ Copa America នោះទេ គឺគិតទាំងក្នុងវគ្គជម្រុះពូលនៅ World Cup 2018 របស់ក្រុមជម្រើសជាតិ ប្រស៊ីល។ នៅ Copa America ឆ្នាំនេះ ប្រេស៊ីលអាចយកឈ្នះបានតែលើ Haiti ស្មើជាមួយ Ecuador និងចាញ់ Peru ដែលធ្វើឲ្យក្រុមធ្លាក់ពូលតែម្តង។ បរាជ័យនៅ Copa America 2016 គឺជាលើកទី១ ហើយចាប់តាំងពីឆ្នាំ ១៩៨៧ ដែលជម្រើសជាតិប្រេស៊ីលត្រូវបានអវត្តមានពីពានរង្វាន់នេះ ដោយមិន បានឆ្លងចូលដល់វគ្គ knock-out។
បច្ចុប្បន្នមានមតិសាធារណៈជាច្រើន បានរំពឹងទុកថា លោក Tite គ្រូបង្វឹករបស់ក្លឹប Corinthians នឹង ក្លាយជាអ្នកជំនួសតួនាទីរបស់លោក Dunga។ លោក Tite គឺជាកូនសិស្សរបស់លោក Luiz Felipe Scolari និងមានបទពិសោធន៍ជាគ្រូបង្វឹក ២៦ឆ្នាំហើយនៅប្រទេសប្រេស៊ីល និងកន្លែងជាច្រើនផ្សេង ទៀត នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ មង្គល