(តូក្យូ)៖ វាជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ដែលចំនួនប្រជាជនបានថយចុះ ដ៏គួរឲ្យព្រួយបារម្ភបំផុត ស្របពេលដែលចំនួនមនុស្សវ័យកណ្តាល និង វ័យចំណាស់ មានការកើតឡើងខ្ពស់ បើគិតតាមស្ថិតិចុងក្រោយ នាឆ្នាំ ២០១៥។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៦។
ស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជាមួយការិយាល័យស្ថិតិ បានឲ្យដឹងទៀតថា ចំនួនប្រជាជនជប៉ុន គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ មាន ១២៧,១១០,០៤៧នាក់ បានធ្លាក់ចុះ ០,៧ភាគរយ ស្មើនឹង ៩៤៧,៣០៥នាក់ បើប្រៀបធៀបទៅនឹងតួលេខបានពីជំរឿនប្រជាជនឆ្នាំ ២០១០។
ប្រការនេះបានបង្ហាញថា ចំនួនប្រជាជនជប៉ុន បានធ្លាក់ចុះជាលើកដំបូង មិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩២០ ប៉ុន្តែជប៉ុន នៅតែឈរលេខរៀងទី១០ នៃប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលើលោក និង ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ២០ នៅសកលលោកដូចគ្នា ដែលមានចំនួនប្រជាជនថយចុះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) បានទទួលរងសម្ពាធយ៉ាងខ្លាំង ពីការទាមទារឲ្យបង្កើតគោលនយោបាយមួយ ដើម្បីដោះស្រាយបញ្ហាបង្កកំណើត របស់ប្រជាជន ដែលមានការថយចុះ។ កន្លងមកអង្គការសហប្រជាជាតិក៏ធ្លាប់បានប៉ាន់ស្មានផងដែរថា ចំនួនប្រជាជនជប៉ុន នឹងធ្លាក់មកនៅ ៨៣លាននាក់នៅឆ្នាំ ២១០០ ខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី