(កំពត)៖ រថយន្តផ្ទុកកុងតឺន័រមួយគ្រឿង ទំនងម្ចាស់ស្រវឹងស្រា ឬងងុយដេក បានបើកខុសផ្លូវបណ្ដាលឲ្យធ្លាក់ចូល ទឹកព្រែកដៃសមុទ្រ ទាំងយប់ ទុករហូតដល់ព្រឹកឡើងទើបម្ចាស់ រករថយន្តស្ទូចមកស្ទូច លើកឡើងគោកវិញ។
ករណីនេះបានកើតឡើងនៅម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ក្នុងភូមិ-ឃុំ ព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។ រថយន្តផ្ទុកកុងតឺន័រដែលក្រឡាប់ធ្លាក់ទឹកព្រែក ខាងលើនេះពាក់ស្លាកលេខព្រះសីហនុ 4A-0745 ដោយគេនៅមិនទាន់ដឹងថា ជារបស់ក្រុមហ៊ុនណានោះឡើយ ព្រោះអ្នកបើកបរមិនបានប្រាប់ ដោយសារតែក្រោយបង្កហេតុ បានគេចខ្លួនបាត់។
អ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកកុងតឺន័រខាងលើនេះ បានបើកបរក្នុងទិសដៅ ពីវាលរិញ ចូលមកកាន់ខេត្តកំពត។ លុះពេលបើកមកដល់ចំណុចខាងលើ ដែលមានស្ពានមិនដឹងដោយសារ ម្ចាស់ស្រវឹងស្រា ងងុយដេក ឬក៏រថយន្តជួបបញ្ហា បច្ចេកទេស ឬយ៉ាងណានោះទេ ស្រាប់តែគេឃើញរថយន្តនេះ ទាញចង្កូតធ្លាក់ចូលទឹកព្រែក ក្រឡាប់ធ្លាក់កុងតឺន័រ ចេញតែម្ដងទៅ តែមិនបានបង្កគ្រោះថ្នាក់ ដល់អ្នកណានោះឡើយ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី