(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Chen Po-liang របស់ក្រុមជម្រើសជាតិចិនតៃប៉ិ ដែលមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីរូបគេបញ្ចេញ សកម្មភាពមិនគួរគប្បី ដាក់កីឡាករកម្ពុជា នាពេលប្រកួតក្នុងជើងទី១ នៃវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2016 នាយប់ថ្ងៃទី០២ មិថុនាកន្លងទៅនេះ ត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម Facebook ឲ្យដឹងថា កីឡាកររូបនេះបានបាក់ដៃខាងឆ្វេង បន្ទាប់ពីធ្វើការហ្វឹតហាត់ ដើម្បីត្រៀមប៉ះជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
សូមជំរាបថា កាលពេលថ្មីនេះតាមរយៈសារព័ត៌មាន China Times ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ របស់កីឡាករវ័យ២៧ឆ្នាំ Po-liang ឲ្យដឹងថា Chen Po-liang បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រចិនតៃប៉ិ និងក្រុមអ្នកគាំទ្រកម្ពុជាផងដែរ ហើយក៏រំពឹងថា អ្នកគាំទ្រកម្ពុជា មិនយកគំនុំគុំគួនរូបលោក ពេលមកប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិ ថ្ងៃទី០៧ ខែមិថុនាខាងមុខឡើយ ដោយលោកបន្តពង្រឹងសមត្ថភាពខ្លាំងឡើង ដើម្បីជួយក្រុមចិនតៃប៉ិ បើទោះបីជាការប្រកួត នៅលើកឆាកអន្តរជាតិ ជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងស្វិតស្វាញបំផុតនៅលើទីលានក៏ដោយ។
សូមបញ្ជាក់ផងដែរថា ការប្រកួតជើងទី១ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា ទប់បានស្មើលទ្ធផល ២-២ ពេលជួបក្រុមម្ចាស់ផ្ទះចិនតៃប៉ិ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី