(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួរនៅថ្ងៃចន្ទនេះ បានអះអាងថា ការស៊ើបអង្កេតរបស់ប៉ូលិសម៉ាឡេស៊ីជុំវិញអំពើឃាតកម្ម កាលពីសប្តាហ៍មុនទៅលើលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋាននៃរដ្ឋធានីគូឡាឡាំពួរ ដូចជាមិនគួរឲ្យទុកចិត្តបាននោះទេ ហើយថែមទាំងបានទទូចដូច្នេះទៀតថា ជនគ្រោះរូបនេះតាមពិតមិនមែនជាលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយផ្ទុយពីអាជ្ញាធរម៉ាឡេស៊ីដែលបានធ្វើការអះអាងថាជនរងគ្រោះនៅក្នុងអំពើឃាតកម្មខាងលើថាជាលោក គីម ជុងណាំ នោះឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក កាល ចុង (Kang Chol) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានទូតកូរ៉េខាងជើងប្រចាំនៅរដ្ឋធានីគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី បានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះថា ជាជនឈ្មោះ គីម ចុល (Kim Chol) តែប៉ុណ្ណោះដោយយោងទៅលើលិខិតឆ្លងដែននៅជាប់ខ្លួនរបស់បុគ្គលរូបនេះ។
នៅក្រោយពេលត្រូវបានកោះហៅដោយក្រសួងការបរទេសម៉ាឡេស៊ីឲ្យចូលទៅស្រាយបំភ្លឺ ជុំវិញការចោទប្រកាន់ដទៃផ្សេងទៀតជុំវិញមន្ទិលសង្ស័យនៃការស៊ើបអង្កេតរបស់អាជ្ញាធរទីក្រុងគូឡាឡាំពួរលោក កាង ចុល បានលើកឡើងថា «រយៈពេល០៧ថ្ងៃបានកន្លងផុតទៅហើយគិតចាប់តាំងពីពេលកើតហេតុ ក៏ប៉ុន្តែយើងឃើញថា នៅពុំទាន់មានភស្តុតាងជាក់លាក់ណាមួយស្តីពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនោះឡើយ ហើយនាពេលនេះយើងមិនអាចទុកចិត្តលើការស៊ើបអង្កេតរបស់ប៉ូលិសម៉ាឡេស៊ីបាននោះទេ»។ លោក កាង បានបន្ថែមថា «ស្ថានទូតរបស់យើងបានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះហើយថា មានឈ្មោះ គីម ចុល ដែលជនជាតិកូរ៉េខាងត្បូងម្នាក់ ដូចទៅនឹងលិខិតឆ្លងដែនរបស់ជនរងគ្រោះរូបនេះ»។
គួរបញ្ជាក់ថាយោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ី លទ្ធផលនៃការធ្វើកោសល្យវិច័យលើសាកសពលោក គីម ជុងណាំ នឹងត្រូវប្រកាសឲ្យបានដឹងនៅថ្ងៃពុធសប្តាហ៍នេះហើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី