(ភ្នំពេញ)៖ តារាសម្ដែងរូបសង្ហាលោក ប៉ែន តុលា អតីតគូដណ្ដឹងរបស់កញ្ញា ភិន សុដាលីស បន្ទាប់ពីខកចិត្តនឹងរឿងស្នេហា ដោយសារតែគូដណ្ដឹង បានសម្រេចចិត្តផ្ដាច់ពាក្យ ទាំងគ្មានអាល័យ ហើយទៅសាងស្នេហ៍ជាមួយ តារាសម្ដែងដូចគ្នា គឺលោក ប៉ែន ចំរ៉ុង រួចមក ពេលនេះ លោក ប៉ែន តុលា កំពុងតែជួបទុក្ខធំមហិមា មិនអាចកាត់ថ្លែបាន ដោយសាតែឪពុកបង្កើតរបស់ខ្លួន គឺលោក ប៉ែន សូវៀត បានទទួលមរណភាពកាលពីម៉ោង ៤ ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦០ ឆ្នាំ ។
តារាសម្ដែង ប៉ែន តុលា ត្រូវបានគេដឹងយ៉ាងច្បាស់ថា ទោះបីជាលោកមិនសូវបង្ហាញមុខខ្លាំង ក្នុងពិភពសិល្បៈ ប៉ុន្តែលោកមានការងារជាច្រើនទៀត កំពុងតែដំណើរការសព្វថ្ងៃ ជាពិសេសការងារមុខជំនួញដូចជា ក្រុមហ៊ុនសាងសង់អាផាតម៉ិន ក្រុមហ៊ុននាំចេញនាំចូល ជាដើម ដែលការងារទាំងនេះ គឺជាការប្រគល់ឲ្យធ្វើពីសំនាក់លោក អ៊ិន សុភិន ជាឪពុកធម៌របស់លោក និងជាឪពុករបស់ ភិន សុដាលីស អតីតគូដណ្ដឹងរបស់ខ្លួន។
យ៉ាងតាមបណ្ដាញសង្គម Facebook របស់លោក អ៊ិន សុភិន បានបញ្ជាក់ថា ឪពុករបស់ ប៉ែន តុលា គឺលោកប៉ែន សូវៀត បានទទួលមរណភាពទាំងក្ដី អាឡោះអាល័យបំផុត ហើយសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅគេហដ្ឋាន នៅក្នុងក្រុងព្រះសីហនុ។ នេះគឺជាដំណឹងដ៏ក្រៀមក្រំមួយ របស់លោក ប៉ែន តុលា និងក្រុមគ្រួសារ ដែលបានបាត់បង់លោកឪពុក ជាទីស្រឡាញ់ជារៀងរហូត។
ជាការពិត តារាសម្ដែង ប៉ែន តុលា ក្រៅពីមានស្នេហាមិនសមបំណងហើយនោះ ស្រាប់តែមកជួបទុក្ខធំផ្ទួនៗគ្នា ឪពុកត្រូវលាចាកលោក គួរឲ្យស្រណោះ ត្រូវបានបាត់បង់ អ្នកមានគុណគ្មានថ្ងៃត្រឡប់។
គេហទំព័រ Khmertalking សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ ជាមួយលោក ប៉ែន តុលា ក៏ដូចជាក្រុមគ្រួសារ និងសូមឲ្យដួងវិញ្ញាណក្ខន្ធឪពុករបស់លោក តុលា បានទៅការឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី