(ភ្នំពេញ)៖ បន្ទាប់ពីតារាចម្រៀង ចាស់វស្សាអ្នក នាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារដ៏វែងអន្លាយមួយ ប្រាប់ដល់អ្នកគាំទ្រថា មានអ្នកបង្កើត Account Facebook ក្លែងក្លាយ បានមកផ្ញើសារគំរាមនាង ធ្វើឲ្យនាងមានការព្រួយបារម្ភ ពីសុវត្ថិភាព បង្ហោះក្នុងបណ្ដាញសង្គមរបស់នាងរួចមក ហើយបានសុំយោបល់ពីអ្នកគាំទ្រ ចំពោះវិធានការដល់អ្នកនៅពីក្រោយខ្នង ស្រាប់តែថ្មីៗនេះ កញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីនៅក្នុងស្ថានីទូរទស្សន៍ CTN បានបញ្ចេញសារថ្មីមួយ ក្នុងន័យតបវិញថា« ប្រសិនបើនាងចេញមុខជេរ គឺជេរដោយចំហរ ពោលមិនដែលលបខាំគេពីក្រោយខ្នងនោះទេ ព្រោះនេះជាចរិតរបស់នាង» ។
ទោះបីជាសាររបស់ពិធីការិនី សាសា មិនបានបញ្ចេញឈ្មោះចំៗថា ជានរណា ក៏អ្នកលេងបណ្ដាញសង្គម Facebook អាចដឹងយ៉ាងច្បាស់ថា នាងសរសេរសម្ដៅទៅលើ អ្នកនាង ម៉េង កែវពេជ្ជតា ព្រោះក្នុងអត្ថន័យ គឺចង់ផ្ញើសារប្រាប់ទៅ ពេជ្ជតា វិញថា នាងមិនមែនជាមនុស្ស ចូលចិត្តរិះគន់គេពីក្រោយខ្នង ឬលួចខាំនរណាពីក្រោយខ្នងឡើយ ពោលបើថានាងជាអ្នកធ្វើ គឺនាងជាអ្នកទទួល ហើយសូមហៅអ្នកនាង ម៉េង កែវពេជ្ជតា ថា អ្នកល្បីខ្ពង់ខ្ពស់មិនត្រឹមតែពូកែច្រៀងទេ ពូកែសុភាសិត ហើយថែម ទាំងពូកែជេរដែរ តាសពូកែជាងទិនហ្វីទៀត។
អតីតពិធីការិនី កញ្ញា សាសា បានសរសេរនៅលើ Facebook របស់ខ្លួន តបទៅកាន់តារាចម្រៀងសំឡេងស្រួយ ចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតា ថា «ទើបតែបានអានព័ត៌មាន ដែលអ្នកល្បីអ្នកមានមុខមានមាត់ ក្នុងសង្គមកំពុងភ័យរឿងគេគំរាម ដោយ Fake Account ចង់ប្រាប់ថាចរិតញ៉ុម(ខ្ញុំ) បើជេរ គឺជេរចំមុខមិនចេះលបខាំទេ មិនបាច់ទាមទារចំណាប់អារម្មណ៍ទេ បើយើងល្អកុំខ្លាច ឮនៅអ្នកខ្ពង់ខ្ពស់? »។
សាសា បានសរសេរបន្តថា «ញ៉ុម(ខ្ញុំ)រវល់ការងាររកស៊ី របស់ញ៉ុម ញ៉ុមមិនយកពេលវេលាមានតម្លៃបស់ញ៉ុម ទៅចាយជាមួយអ្នកខ្ពង់ខ្ពស់ទេ ខ្លាចអ្នកខ្ពង់ខ្ពស់ជេរញ៉ុម ដូចជេរម្តាយក្មេកដែលគាត់ចាស់ ហើយកាន់សីលប្រាំបីទៀតនោះណា!!!! គិតៗទៅអ្នកល្បីខ្ពង់ខ្ពស់ មិនត្រឹមតែពូកែច្រៀងទេ ពូកែសុភាសិត ហើយថែម ទាំងពូកែជេរដែរ តាស ពូកែជាងទិនហ្វីទៀត»។
សូមបញ្ជាក់ថា សរសេរសាតបគ្នាទៅវិញទៅមក នៅពេលនេះ គឺបានកើតចេញ ពីការរិះគន់ចំពោះអ្នកសិល្បៈ ដែលបានបញ្ចេញភាពសិចស៊ីជ្រុល មានដូចជា កញ្ញា ដេននី ក្វាន់ កញ្ញា ឌួង ម៉ានិច ជាដើម រហូតមានការកោះហៅ ពីសំណាក់ក្រសួងវប្បធម៌ ដើម្បីអប់រំកុំឲ្យធ្វើអ្វីហួសហេតុ។ ប៉ុន្តែការហៅអ្នកសិល្បៈ ទៅដុសក្អែលពីសំណាក់ ក្រសួងវប្បធម៌ នៅតែមិនបានធ្វើឲ្យ អ្នកនាង ម៉េង កែវពេជ្ជតា អស់ចិត្តនោះឡើយ ផ្ទុយទៅវិញបែរជាធ្វើឲ្យអ្នកនាងខកចិត្ត រហូតបញ្ចេញសារជាបន្តបន្ទាប់ វាយប្រហារគ្នាទៅវិញទៅមកតែម្ដង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង