CamNews

ព័ត៌មានអន្តរជាតិ 

ធ្វើនយោបាយរាប់ឆ្នាំ លោកប្រាយុទ្ធចាន់អូចា បែរជានិយាយពាក្យគួរឱ្យអាណិតនេះទៅវិញ

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្រកាសជាសាធារណៈជាលើកដំបូង កាលពីថ្ងៃពុធថា មិនយូរប៉ុន្មាន លោកលែងជាយោធា និងជាអ្នកនយោបាយទៀតហើយ ព្រោះលោក បាននិយាយថា លោកត្រូវបង្ខំចិត្ដឱ្យកាន់តួនាទីជានាយករដ្ឋមន្ត្រីក៏ដោយសារតែ ទំនួលខុសត្រូវប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បន្ថែមថា "ខ្ញុំត្រូវតែផ្លាស់ប្តូរ ព្រោះខ្ញុំនឹងលែងជាយោធាទៀតហើយ។ ខ្ញុំជាអ្នកនយោបាយ ដែលធ្លាប់ជាយោធា"។

នៅពេលត្រូវបានសួរថា តើលោកនឹងបន្តធ្វើជាអ្នកនយោបាយក្នុងរយៈពេលវែង ឬយ៉ាងណានោះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកមិនដែលមានគំនិតប្រាថ្នាចង់ធ្វើជាអ្នកនយោបាយនោះទេប៉ុន្តែលោកត្រូវបង្ខំចិត្ដឱ្យធ្វើវាដោយសារតែកាតព្វកិច្ចប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ប្រាយុទ្ធបង្ហើបថា៖ "ខ្ញុំមិនចង់ក្លាយជាអ្នកនយោបាយសូម្បីតែមួយថ្ងៃ ចាប់តាំងពីថ្ងៃទីមួយរហូតមកដល់ពេលនេះ ខ្ញុំមិនដែលចង់ធ្វើជាអ្នកនយោបាយទេ ប៉ុន្តែខ្ញុំបានធ្វើវា ដោយសារតែការទទួលខុសត្រូវតែប៉ុណ្ណោះ"។

លោកនាយករដ្ឋមន្រ្តីក៏បានច្រានចោលផងដែរនូវនូវចលនាមួយ ដែលធ្វើឡើងដោយគណបក្សប្រជាធិបតេយ្យ និងគណបក្សភឿថៃក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញប្រឆាំងនឹងសេចក្ដីបង្គាប់ត្រង់កថាខណ្ឌទី  ៤៤ ដែលចេញដោយលោក កាលពីថ្ងៃទី ២២ ខែធ្នូដើម្បីស្នើយោបល់ឱ្យគណបក្សនយោបាយទាំងអស់ធ្វើបច្ចុប្បន្នភាពសមាជិក និងការចុះឈ្មោះរបស់ខ្លួន។

នៅក្នុងអារម្មណ៍សប្បាយរីករាយ នៅពេលថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីត្រឡប់ពីធ្វើការងារនៅវិមានរដ្ឋាភិបាលក្រោយចូលឆ្នាំសកល លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា "ថ្ងៃនេះគឺជាថ្ងៃដ៏សប្បាយរីករាយ ជាថ្ងៃប្រកបដោយស្នាមញញឹម ដូច្នេះខ្ញុំញញឹមច្រើនណាស់" ។ កាលពីមុនខ្ញុំញញឹម ហើយឈប់ញញឹមវិញយ៉ាងលឿន ខ្ញុំមិនមែនជាប្រភេទមនុស្ស ដែលចូលចិត្ដញញឹមនោះទេ" ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: Bangkok Thailand