(ចិន)៖ ម្ចាស់ភោជនីយដ្ឋានមួយ នៅប្រទេសចិននិយាយថា គាត់អាចទាក់ទាញអតិថិជនរាប់រយនាក់ ឲ្យចូលពិសាអាហារ នៅកន្លែងរបស់ខ្លួន បន្ទាប់ពីជួលនារីសិចស៊ី ឲ្យធ្វើជាអ្នកបម្រើក្នុងហាង ប៉ុន្តែធ្វើឲ្យអ្នកជិតខាង មិនពេញចិត្តក៏រាយការណ៍ប្តឹងសមត្ថកិច្ច ពីរឿងនេះ ដោយចាត់ទុកថា ស្រីៗជាអ្នកបម្រើនោះ ស្លៀកសិចស៊ីហួសហេតុ។
ភោជនីយដ្ឋាន ដែលមានឈ្មោះថា Musical Barbecue Restaurant ស្ថិតនៅទីក្រុង Hainan ទីតាំងមានបរិយាកាសល្អ និងនៅក្បែរឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតទៀតផង ប៉ុន្តែពីមុនភោជនីយដ្ឋាននេះ មិនធ្លាប់មានបុគ្គលិកស្លៀកឈុត ប៊ីគីនីបម្រើភ្ញៀវទេ រហូតដល់ Hong Ri ម្ចាស់ហាងនឹកឃើញ វិធីទាក់ទាញអតិថិជន ក៏ជួលនារីម៉ូដែល ឈរបង្ហាញម៉ូតរថយន្ត មកធ្វើជាអ្នកបម្រើឈរចាំទទួលភ្ញៀវ នៅមុខហាង ហើយថែមទាំងដើរជុំវិញតុអាហារភ្ញៀវ អមដោយឌីជេម្នាក់ទៀតផង ធ្វើឲ្យភ្ញៀវជាច្រើន ដែលចូលមកពិសាអាហារនៅទីនេះ ពេញចិត្តយ៉ាងខ្លាំង។
តែអ្វីដែលគួរឲ្យសោកស្តាយ គ្រាន់តែមួយសប្តាហ៍ប៉ុណ្ណោះ ប៉ូលិសបានចុះមកបិទភោជនីយដ្ឋាន របស់ Hong Ri ដោយចាត់ទុកថា ការយកនារីម៉ូដែលបង្ហាញម៉ូតរថយន្ត មកធ្វើជាអ្នកបម្រើ ជាការបន្ទាបតម្លៃមនុស្ស និងប៉ះពាល់សីលធម៌ ក្នុងទីក្រុងផងដែរ ហើយភោជនីយដ្ឋាននេះ អាចបើកដំណើរការឡើងវិញ បានប្រសិនម្ចាស់ហាងផ្លាស់ប្តូរអ្វី ដែលជាភាពមិនសមរម្យនេះចេញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង