CamNews

ព័ត៌មានអន្តរជាតិ 

ចលាចល ក្រោយលេចធ្លាយរូប លោក Donald Trump កាត់ក្បាលរូបសំណាក់សេរីភាព នៅអាមេរិក

(ប៊ែរឡាំង)៖ ទស្សនាវដ្ដីអាល្លឺម៉ង់ដ៏ល្បីមួយ ឈ្មោះថា Der Spiegel បានបង្កជាភាពចម្រូងចម្រាស់ និងការរិះគន់ជាបន្តបន្ទាប់ ​ដោយសារតែរឿងចេញផ្សាយរូបភាព បង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យកកាំបិតកាត់ក្បាល​រូបសំណាក់​តំណាងឱ្យសេរីភាព ក្នុងទីក្រុងញូយ៉ក។ ទន្ទឹមគ្នានោះដែរ សារព័ត៌មានអាល្លឺម៉ង់ មួយចំនួនបានចេញមុខ រិះគន់យ៉ាងខ្លំាង ខណៈ​អនុប្រធានសភាអឺរ៉ុប បានចាត់ទុករូបភាពនេះថា ជាទង្វើមួយមិនអាចទទួលយកបាន ចំណែកឯអ្នកជំនាញខាងរូបភាព គំនូរជីវចល លោក Edel Rodriguez ចាត់ទុកថារូបភាពនេះ តំណាងឱ្យការកាត់ក្បាលលិទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។



ការចេញផ្សាយរូបភាព របស់ទស្សនាវដ្ដី Der Spiegel ធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ហាក់ដូចជាមានភាពតានតឹងគ្នា ក្រោយ លោកដូណាល់ ​ត្រាំ រិះគន់ឥតសច្ចៃមាត់លើនយោបាយជនភៀសខ្លួន នៃអធិកាបតី​អាល្លឺម៉ង់​លោកស្រី អាន់ជែលឡា មឺគែល ដោយលោក បានហៅគោលនយោបាយ នេះថា «ជាកំហុសមួយ​អាចបង្កជាគ្រោះ​មហន្តរាយ​ដ៏ធំ»។ ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ ទីប្រឹក្សាពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិករូបនេះបានរិះគន់ ទីក្រុងប៊ែរឡាំង ថាបាន​ទទួល​ផលប្រយោជន៍​មិនស្មើភាពនៃការធ្លាក់ចុះតម្លៃប្រាក់អឺរ៉ូ។

គួររំលឹកថា រូបភាពកាត់ក្បាលរូបសំណាក់តំណាងឱ្យសេរីភាព ក៏ធ្លាប់ត្រូវបានកាសែតអាមេរិក New York Daily News ចេញផ្សាយ​ផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៥៕




Tags: Obama Int news Hot news Donald Trump