CamNews

ព័ត៌មានអន្តរជាតិ 

លោក Trump ថ្លែងទៅកាន់កូរ៉េខាងជើងថា ជម្លោះទ្រង់ទ្រាយធំអាចនឹងកើតឡើង

ព័ត៌មានអន្តរជាតិ ៖  ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះ ទ្រង់ទ្រាយធំ ជាមួយកូរ៉េខាងជើង អាចនឹងកើតឡើង នៅក្នុងការប្រឈមមុខដាក់គ្នា លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ប៉ុន្តែលោក ចង់ឱ្យមានដំណោះស្រាយការទូត ដើម្បីដោះស្រាយបញ្ហា ជំនួសវិញ ។

លោក Trump បានប្រាប់ Reuters នៅក្នុងបទសម្ភាសមួយ នៅក្នុងការិយាល័យប្រធានាធិបតី នៅមុនថ្ងៃគម្រប់ ១០០ ថ្ងៃនៃការឡើងកាន់តំណែងរបស់លោក កាលពីថ្ងៃសៅរ៍ថា៖“  វាមានឱកាសមួយដែលថា យើងអាចនឹងមានជម្លោះទ្រង់ទ្រាយធំ ជាមួយកូរ៉េខាងជើង"។

ទោះជាយ៉ាងណាលោក Trump បាននិយាយថា លោកចង់ដោះស្រាយវិបត្តិ ដែលបានរំខានដល់ប្រធានាធិបតីសហរដ្ឋអាមេរិកជាច្រើនរូប ដោយសន្ដិវិធី ជាគន្លង ដែលលោក និងរដ្ឋាភិបាលរបស់លោក កំពុងយកចិត្ដដាក់ខ្ពស់ ក្នុងការដោះស្រាយតាមរយៈការរៀបចំឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីតាមរូបភាពផ្សេងៗ ខណៈពេលដែលលោកក៏មិនបោះបង់ជម្រើសប្រើកម្លាំងយោធា ពីផែនការរបស់ខ្លួនដែរ។

លោកបានថ្លែងថា៖ «យើងចង់ដោះស្រាយរឿងរ៉ាវតាមផ្លូវការទូត ប៉ុន្តែវាជាការលំបាកខ្លាំងណាស់»។ លោក Trump បានកោតសរសើរ ចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិន សម្រាប់ការជួយជ្រោមជ្រែងរបស់ប្រទេសចិន ក្នុងការព្យាយាមទប់ស្កាត់​ ប្រទេសកូរ៉េខាងជើង។ មេដឹកនាំទាំងពីរ បានជួបសំណេះសំណាលគ្នា នៅរដ្ឋផ្លរីដា កាលពីដើមខែនេះ។



លោក Trump និយាយថា៖ "ខ្ញុំជឿថា លោក ស៊ី បានព្យាយាមយ៉ាងខ្លាំងក្លា។ លោកពិតជាមិនចង់ឃើញពីភាពចលាចល និងការស្លាប់ឡើយ។ លោកមិនចង់ឃើញវា កើតឡើងនោះទេ។ លោក ជាមនុស្សល្អ។ លោក ជាមនុស្សល្អខ្លាំងណាស់ ហើយខ្ញុំចាប់ផ្ដើមស្គាល់លោក កាន់តែច្បាស់”។

លោក Trump បានថ្លែងបែបនេះ នៅមួយថ្ងៃបន្ទាប់ពីលោក និងទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក បានជម្រាបជូនសមាជិកសភាសហរដ្ឋអាមេរិក អំពីការគំរាមកំហែងរបស់កូរ៉េខាងជើង និងមួយថ្ងៃមុនពេលរដ្ឋមន្រ្ដីការបរទេសលោក Rex Tillerson នឹងជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មដាច់ដោយឡែកបន្ថែមទៀត លើក្រុងព្យុងយ៉ាង ​ចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

កាលពីថ្ងៃពុធនេះ រដ្ឋការរបស់លោក Trump បានប្រកាសអំពីការគំរាមកំហែងផ្នែកសន្តិសុខជាតិរបស់ប្រទេសកូរ៉េខាងជើងដ៏បន្ទាន់មួយ និងអាទិភាពគោលនយោបាយការបរទេសកំពូល»។ រដ្ឋការនេះ បានឱ្យដឹងថា ខ្លួនផ្តោតសំខាន់ លើការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការទូត រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ក្នុងការទប់ស្កាត់ប្រទេសជិតខាង និងសម្ព័ន្ធមិត្តដ៏រឹងទទឹងរបស់ខ្លួន ហើយនៅតែបើកចំហសម្រាប់កិច្ចចរចា។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារយោធា នៅតែជាជម្រើសមួយ ប៉ុន្តែអាមេរិក ចង់ឱ្យស្ថានភាពតានតឹងនេះថមថយមកវិញ បើទោះជារដ្ឋបាលនេះ បានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅកាន់តំបន់ ដើម្បីជាការបង្ហាញពីកងកម្លាំងរបស់ខ្លួនក៏ដោយ ។



សកម្មភាពយោធារបស់សហរដ្ឋអាមេរិកណាមួយ អាចបង្កជាហានិភ័យដោយផ្ទាល់ ដែលនាំឱ្យមានការសងសឹងយ៉ាងក្រៃលែងពីកូរ៉េខាងជើង និងនាំឱ្យមានការស្លាប់ និងរបួសមនុស្សជា ច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ព្រមទាំងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសទាំងពីរ។

លោក Trump នៅពេលត្រូវបានសាកសួរថា ទង្វើរបស់លោក គីម ជុងអ៊ុន ជាការសមហេតុផល ឬយ៉ាងណានោះ លោកបាននិយាយថា លោក គីម ចេញប្រតិបត្ដិការពីការសន្មត់ថា ទង្វើដែលលោកធ្វើជារឿងសមហេតុផល។  លោកបានកត់សម្គាល់ថា លោក គីម បានគ្រប់គ្រង ប្រទេសរបស់លោក នៅវ័យក្មេងពេក។

លោក Trump និយាយថា៖ «គាត់មានអាយុ ២៧ ឆ្នាំ។ ឪពុករបស់គាត់បានស្លាប់ គាត់ក៏គ្រប់គ្រងប្រទេស។ ដូច្នេះខ្ញុំចង់និយាយថា វាជាអ្វីដែលអ្នកចង់បាន ប៉ុន្តែវាមិនមែនជាការងារងាយស្រួលនោះទេ ជាពិសេសនៅអាយុប៉ុណ្ណេះ។ ខ្ញុំមិនវាយតម្លៃគាត់ទេ ខ្ញុំគ្រាន់តែនិយាយថា ការងារគ្រប់គ្រងប្រទេស ជាការងារពិបាកណាស់។ សួរថា គាត់មានហេតុផល ឬអត់នោះ ខ្ញុំមិនមានយោបល់នោះទេ។ ខ្ញុំសង្ឃឹមថា គាត់មានហេតុផល”៕








ប្រែសម្រួល ៖ ដេវីដ


ប្រភព ៖ reuters


Tags: Donald Trump