(ភ្នំពេញ)៖ តារាចម្រៀងដែលទើបតែប្រកាសថា ឈប់ច្រៀងបទចម្លងពីបរទេស អ្នកនាង មាស សុខសោភា បាននឹងកំពុងតែចេញអាល់ប៊ុមម្នាក់ឯង ជាលើកទី៤ បន្ទាប់ពីជ្រកកោនក្នុងផលិតកម្ម ថោន ជាច្រើនឆ្នាំ នឹងនៅតែទទួលបានភាពល្បីល្បាញ តាមរយៈបទចម្រៀងនានា ដែលនិពន្ធដោយកវីល្បីៗ ក្នុងផលិតកម្មនេះ ។
មាស សុខសោភា ជាតារាចម្រៀងស្រីម្នាក់ មានអាទិភាពជាងគេ គឺច្រៀងពីរផលិតកម្មតែម្នាក់ឯង ពោលផលិតកម្ម «ខេមត្រាក់» ជាមួយ ឌីជេ ក្ដិប និង ផលិតកម្ម «ថោន» តែកេរ្តិ៍ឈ្មោះរបស់នាង ក៏មិនស្ទុះលោតខ្លាំងអាចប្រជែង ឱក សុគន្ធកញ្ញា បានដែរ ប៉ុន្តែក៏នៅមានបទល្បីមួយៗ ចេញជាហូរហែមិនចាញ់តារាល្បី លំដាប់កំពូលនោះទេ ។
ថ្មីៗនេះ ផលិតកម្ម ថោន បានត្រៀមចេញអាល់ប៊ុមទោលឲ្យ មាស សុខសោភា ជាអាល់ប៊ុមចម្លែកជាងអាល់ប៊ុមមុនៗ ក្នុងអាជីពអ្នកចម្រៀងរបស់នាង ព្រោះអាល់ប៊ុមនេះ អ្នកចម្រៀងម្នាក់ អ្នកនិពន្ធម្នាក់ មានន័យថា solo អ្នកចម្រៀង solo អ្នកនិពន្ធ ។ ក្នុងបទចម្រៀងរបស់នាង ក៏មានតារាសម្ដែងស្រីដ៏ល្បីល្បាញ អ្នកនាង ស្វែង សុជាតា មកចូលរួមសម្ដែងទៀតផង គឺក្នុងបទចម្រៀង «ខ្យល់អាកាស» ។
លោក សោម ដូរ៉េ អ្នកនិពន្ធអាល់ប៊ុមទាំងមូល បាននិយាយប្រាប់ Khmer TALKING ថា «អាល់ប៊ុមពិសេសនេះ រៀបចំឡើងជិតមួយឆ្នាំឯណោះ ព្រោះត្រូវឆ្លងជាច្រើន ដំណាក់កាលជាច្រើន មុននឹងត្រៀមចេញលក់ នៅដើមឆ្នាំ២០១៦ខាងមុខនេះ។ អ្វីដែលសំខាន់ លោកបានសម្រិតសម្រាំង ស្នាដៃពិសេសៗ សម្រាប់ មាស សុខសោភា ដូចអ្វីដែលលោកធ្លាប់បាន ធ្វើពីមុនមក ដូចបទ "លើលោកនេះខ្ញុំស្រឡាញ់ម៉ាករបស់ខ្ញុំជាងគេ" និង បទ "ស្នេហ៍អាថ៍កំបាំង" ជាដើម ដែលសុទ្ធសឹងជាបទធ្វើឲ្យមាស សុខសោភា ល្បីល្បាញរហូត ទៅណាឮតែបទចម្រៀងនេះ »។
អាល់ប៊ុមពិសេសនេះ លោកតាំងចិត្តថា ធ្វើឲ្យ មាស សុខសោភា ល្បីល្បាញក្នុងរសជាតិថ្មី ខុសពីមុនមួយទៀត ដូចបទ «ទឹកភ្នែកមួយរយគីឡូ» និង បទ «មនុស្សឯកាម្នាក់នេះរស់បានមួយថ្ងៃទៀតហើយ» សុទ្ធសឹង តែប្លែកសម្រាប់ មាស សុខ សោភា ទាំងអស់ ។ អាល់ប៊ុមទោល មាស សុខសោភា នេះរៀបចំមុនអាល់ប៊ុម សុគន្ធ នីសា យូរហើយ តែដោយសារ នីសា វិលត្រឡប់ទៅទ្រនំចាស់វិញ(ផលិតកម្មហង្សមាស) ផលិតកម្ម ថោន ក៏សម្រេចចិត្តចេញបទចម្រៀង ឲ្យ នីសា មុន ព្រោះថតទុករួចរាល់អស់ហើយ មិនអាចទុកចោលឲ្យខាតទេ ព្រោះក្នុងមួយអាល់ប៊ុមចំណាយលុយ រាប់ពាន់ដុល្លារឯណោះ។
ចំណែកឯ មាស សុខសោភា វិញ ហាក់មានក្ដីរំពឹងខ្ពស់ក្នុងអាល់ប៊ុមថ្មី ក្នុងផលិតកម្មថោន ព្រោះនាងជឿជាក់លើ សោម ដូរ៉េ កវីនិពន្ធវ័យក្មេង មានសមត្ថភាពខ្ពស់ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី