ភ្នំពេញ ៖ ក្រោយពីគណនីហឹង្សាជះស្រាបៀរទៅលើតារាចម្រៀង ទេព បូព្រឹក្ស ក៏មានតារាសម្តែងនិងតារាចម្រៀងជាច្រើនដួងបានចេញមុខទាមទាររកយុត្តិធម៌ឲ្យ ដោយធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមផងដែរ ។
ក្នុងនោះយើងក៏សង្កេតឃើញមានកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន គឺតារាចម្រៀង មាស សុខសោភា បានទម្លាយថា ករណីស្រដៀងនឹង ទេព បូព្រឹក្ស ក៏ធ្លាប់កើតមានលើរូបខ្លួនដែរ ។ យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម ម្ចាស់បទ ម្នាក់ឯងមិនស្លាប់ទេ បានលើកឡើងថា "សួស្តី បងប្អូន ពូមីង និងមហាជនទាំងអស់។ ក្នុងនាមខ្ញុំជាអ្នកសិល្ប:មួយរូបអស់រយៈពេល១៥ឆ្នាំមកនេះ ខ្ញុំសូមបញ្ចេញមតិខ្លះៗ ទាក់ទងនិងរឿងដែលបានកើតទៅលើប្អូនស្រី ទេព បូព្រឹក្ស កាលពីយប់ម្សិលមិញនេះ ហើយនេះជាបញ្ហាមួយ ដែលតែងតែកើតមានមកលើសិល្បករ សិល្បការិនីយើងមួយចំនួន ទាំងរូបនាងខ្ញុំផ្ទាល់ ក៍ធ្លាប់ជួបរឿងស្រដៀងគ្នានេះដែរ មិនថានៅក្នុងប្រទេស រឺក៍ក្រៅប្រទេសឡើយ" ។
តារាចម្រៀងស្រីរូបនេះបានបន្ថែមទៀតថា "ដូចច្នេះខ្ញុំសូមឲ្យមហាជនទាំងអស់ មេត្តាជួយឲ្យតម្លៃសិល្បការិនីខ្មែរយើង ក៍ដូចជា លើកតម្កើង និងឲ្យតម្លៃដល់ស្រ្តីទាំងអស់ទូទាំងពិភពលោក មិនថាគាត់ជាអ្នកសិល្ប: រឺក៍ជាអ្នកធ្វើការអ្វីមួយក៍ដោយ ពួកគាត់សុទ្ធតែមានតម្លៃរបស់ពួកគាត់ ហើយស្រ្តីទាំងអស់ប្រៀបបានទៅ នឹងកូនស្រី បងស្រី ប្អូនស្រី ម្តាយ និងលោកយាយ របស់យើងដូចគ្នា។ ជាចុងក្រោយខ្ញុំសូមជូនពរអោយប្អូន ស្រី ទេព បូព្រឹក្ស ឆាប់រកឃើញដំណោះស្រាយក្នុងប្រការណាមួយ ហើយក៍សូមអោយប្អូន នៅតែមានកម្លាំងចិត្ត និងរឹងមាំ តស៊ូដើម្បីសិល្ប:ខ្មែរយើងតទៅមុខទៀត" ៕
ដោយ ៖ គន្ធា