(ហាណូយ)៖ គំរោងថ្មីមួយរបស់ប្រទេសវៀតណាម ក្នុងការបង្កើតភ្លៀងសិប្បនិម្មិត នឹងធ្វើការសាកល្បង នៅភាគកណ្តាលប្រទេសវៀតណាម នៅខែតុលាខាងមុខនេះ ហើយនឹងចំណាយថវិកា ប្រមាណ ៥,០០០ពាន់លានដុង (២២៥លានដុល្លារអាមេរិក)។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។
សារព័ត៌មានវៀតណាម Tien Phong បានរាយការណ៍នៅថ្ងៃសុក្រនេះទៀតថា ថវិកាដែលនឹងត្រូវ ចំណាយក្នុងគំរោងមួយនេះ ត្រូវបានស្នើដោយក្រុមហ៊ុន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា An Sinh Xang ទៅរដ្ឋាភិបាលវៀតណាម ដើម្បីទិញនាវានិងយន្តហោះ ដែលអាចបម្រើក្នុងប្រតិបត្តិការ បង្កើតភ្លៀងសិប្បនិម្មិត ទប់ទល់នឹងបញ្ហាគ្រោះរាំងស្ងួត ឬក៏បង្កាមិនឲ្យមានទឹកជំនន់បាន។
នាយកប្រតិបត្តិទូទៅ របស់ក្រុមហ៊ុនខាងលើ លោក Phan Dinh Phuong បានឲ្យដឹងថា នាវាដែលនឹងត្រូវ ទិញមកនោះ នឹងត្រូវប្រើប្រាស់សម្រាប់បូមទឹកសមុទ្រ ចូលទៅកាន់បំពង់ទឹក ហើយយកទៅកាន់ រយៈកម្ពស់ប្រាំគីឡូម៉ែត្រ ដើម្បីភ្ជាប់ទៅនឹងឧទ្ធម្ភាគចក្រ ឬបាឡុង។ បន្ទាប់មកទៀតបំពង់នោះ នឹងបំភាយទឹកសមុទ្រ ដែលបូមបានទៅក្នុងផ្ទៃមេឃ ដែលមានពពកច្រើននៅលើផ្ទៃសមុទ្រ។
លទ្ធផលជាបន្តទៀតនោះ គឺពពកខ្មៅក្រាស់នឹងបង្កើតបានជាទឹកភ្លៀងធ្លាក់ច្រើន នៅតំបន់សមុទ្រ ដែលប្រការនេះនឹងមិនបង្កឲ្យមានគ្រោះទឹកជំនន់ នៅទីប្រជុំជនឡើយ។ លោក Phuong បានបន្ថែមទៀតថា ស្ថានីយបង្កើតភ្លៀងសិប្បនិម្មិត នឹងត្រូវកសាងឲ្យបាន ជាង១០០កន្លែងដោយអមជាមួយនាវានិងយន្តហោះ ដែលនឹងត្រូវដាក់ពង្រាយ នៅតាមឈូងសមុទ្រ Beibu ភាគខាងជើងប្រទេសវៀតណាម ផងដែរ។
គួរបញ្ជាក់ថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា នឹងធ្វើការពិភាក្សា លើការអនុវត្តន៍ការសាកល្បង នៃគំរោងបង្កើតភ្លៀងសិប្បនិម្មិតនេះ នៅក្រុងដាណាង ក្នុងខែតុលាខាងមុខ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង