(ភ្នំពេញ)៖ អតីតជាពិធីការិនី និងជាតារាសម្ដែង នាង ឈិន ចាន់សុធារី បានបញ្ចេញទុក្ខសោករបស់ខ្លួន ជាសាធារណៈទៀតហើយ បង្ហាញពីការពិបាកចិត្ត ព្រោះតែមានស្វាមី មិនចេះទទួលខុសត្រូវ ធ្វើឲ្យនាងបៀមទុក្ខប៉ុនភ្នំ ត្រូវសំងំទូលតែម្នាក់ឯង គួរឲ្យអាសូរក្នុងគ្រួសារ ដោយការរ៉ាប់រងចិញ្ចឹម បីបាច់ថែរក្សាកូនតូចទាំងពីរ តែម្នាក់ឯង គ្មានវត្តមានលោក សុវណ្ណ មករា ជាស្វាមីរួមសុខរួមទុក្ខជាមួយគ្នា នោះឡើយ។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់ ឈិន ចាន់សុធារី បានរំលេចសារដ៏គួរឲ្យភ្ញាក់ផ្អើលថា «ពិបាកទ្រាំណាស់លោកអើយ…មានអ្នកណាយល់អារម្មណ៍នេះ ? និយាយតាមត្រង់…មិនចង់រស់ទេ ប៉ុន្តែខ្លោចផ្សារនឹងកូន បើអត់ពីម៉ាក់ទៅ តើបាននរណាមើលថែកូន ? ឬមានដែរ… តែ… តើគេអាចមើលថែកូនៗ បានដូចម៉ាក់ទេ ? សំណួរគ្មានចម្លើយ ! ?»។
អមជាមួយនឹងប្រយោគដ៏គួរឲ្យខ្លោចចិត្តនេះ ឈិន ចាន់សុធារី បានយករូបភាពមួយ បង្ហាញពីអារម្មណ៍ទុក្ខព្រួយ និងស្តាយក្រោយមកដាក់បញ្ចូល ជាមួយនឹងសាររបស់ខ្លួន ដោយរូបភាពនេះ មានសរសេរអក្សរធំៗថា «ជាតិនេះហួសហើយ តែផ្សងសុំជាតិក្រោយ កុំឲ្យជួបបញ្ហា និងទុក្ខដូចជាតិនេះទៀត » ។
បើផ្អែមតាមព័ត៌មានពីមជ្ឈដ្ឋានអ្នកសិល្បៈ បានទម្លាយឲ្យដឹងថា ក្រុមគ្រួសាររបស់តារាសម្ដែង ឈិន ចាន់សុធារី និងលោក សុវណ្ណ មករា មិនសូវជារស់នៅចុះសម្រុងគ្នាទេ តាំងពីអ្នកទាំងពីររៀបការរួចមក ដោយលោក សុវណ្ណ មករា តែងតែដើរលេងផឹកស៊ីស្រវឹង មិនសូវចូលផ្ទះ និងគិតពីសុខទុក្ខរបស់ប្រពន្ធឡើយ ធ្វើឲ្យនាងទ្រាំរស់ទាំងក្ដីឈឺចាប់ ព្រោះតែការសម្រេចចិត្តខុស មួយពេល។
ជារឿយៗតារាសម្ដែង ឈិន ចាន់សុធារី តែងតែបង្ហាញសារខូចចិត្ត រាល់ពេលដែលលោក សុវណ្ណ មករា ធ្វើឲ្យនាងពិបាកចិត្តម្ដងៗ ប៉ុន្តែតាមរយៈសារនេះ មិនបានធ្វើឲ្យលោក សុវណ្ណ មករា ជាប្ដី បានយល់ ឬធ្វើអ្វីៗដើម្បីគ្រួសារនោះទេ ពោលមានតែធ្វើឲ្យ ឈិន ចាន់សុធារី កាន់តែពិបាកចិត្តថែម រហូតដល់ថ្នាក់លែងចង់រស់ ក៏មានដែរ។
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាប្រភពព័ត៌មាន ពីអ្នកសិល្បៈដូចគ្នា ដែលធ្លាប់ស្គាល់រាប់អានគ្នាប៉ុណ្ណោះ ប៉ុន្តែរឿងរ៉ាវផ្ទៃក្នុងស៊ីជម្រៅ របស់គ្រួសារ ឈិន ចាន់សុធារី និង សុវណ្ណ មករា ទៅជាយ៉ាងណានោះ គឺមិនអាចដឹងច្បាស់ជាងសាមីខ្លួន របស់ពួកគេទាំងពីរឡើយ ពោលគឺមានតែពួកគេទាំងពីរនាក់ប៉ុណ្ណោះ ដែលដឹងច្បាស់ថា តើនរណាខុសនរណាត្រូវ ហើយនរណាធ្វើឲ្យនរណា ពិបាកចិត្តពិតប្រាកដ។
គេនាំចាំបានថា អ្នកនាង ឈិន ចាន់ សុធារី និងលោក សុវណ្ណ មករា បានកាន់ដៃគ្នាចូលរោងការកាលពីល្ងាចថ្ងៃទី២០ និងប្រារព្វពិធីជប់លៀង ស្វាគមន៍ភ្ញៀវកិត្តិយសចូល រួមអបអរសាទរ នាល្ងាចទី២១ ខែតុលា ឆ្នាំ២០១៥ ចំនួនប្រមាណជាង៥០តុ នៅសណ្ឋាគារ កាំបូឌីយ៉ាណា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង