ព័ត៌មានកីឡា៖ អតីតកីឡាករ ខ្សែបម្រើរបស់ក្លឹប Man United លោក David Beckham បានបង្ហាញពីសមាសភាពបុគ្គលបន្ទាប់ ដែលត្រៀមខ្លួនចូលកាន់តំណែងជា ថ្នាក់គ្រប់គ្រងក្លឹប Man United បន្ដពីលោក Louis Van Gaal ដែលនឹងចូលនិវត្ដនៅ ឆ្នាំ២០១៧ ខាងមុខនេះ។
លោក Louis Van Gaal ថ្មីៗនេះ បានថ្លែងប្រាប់ពីគម្រោងដំណើរជីវិតរបស់ខ្លួន ក្នុងក្លឹប Man United ថា រូបលោក នឹងចូលនិវត្ដនៅពេលដែល កិច្ចកុងត្រារបស់គាត់ត្រូវផុត គឺឆ្នាំ ២០១៧ ខាងមុខ។ មូលហេតុគាត់បានសន្យាជាមួយប្រពន្ធរបស់គាត់ថា គាត់នឹងផ្ដល់ពេលវេលាជាមួយគ្រួសារ ឲ្យបានច្រើន ជាងនេះ។ ប្រភពដដែលបានបន្ដទៀតថា គាត់ក៏មានភាពនឿយហត់នឹងអាជីពក្នុងវិស័យកីឡានេះដែរហើយ ដោយកន្លងមកមុខតំណែងជាអ្នកគ្រប់គ្រងគាត់ ធ្វើតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ហើយគាត់មកកាន់តំណែងក្នុង Man United នេះ គឺកាលពីដើមឆ្នាំ ២០១៤ ។
ស្របពេលនឹងគម្រោងរបស់ Louis Van Gaal ជិតចាកចេញទៅនោះ លោក David Beckham បានអះអាងថា គឹមានមនុស្សម្នាក់ដែលគាត់សង្ឃឹមថា នឹងចូលមកកាន់តំណែងនេះគឺ មិត្ដភក្ដិរបស់គាត់ម្នាក់ឈ្មោះ Ryan Giggs ។
Ryan Giggs គឺជាអតីតមិត្ដរួមក្រុមដ៏ស្និតស្នាលបំផុតរបស់កីឡាករ David Beckham ដែលលេងក្នុងមុខតំណែង ខ្សែបម្រើដូចគ្នា ។ ហើយបច្ចុប្បន្ន Ryan Giggs គឺមានមុខតំណែងជាជំនួយការផ្ទាល់របស់លោក Louis Van Gaal នៅក្លឹប Man United ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ manchestereveningnews