CamNews

កីឡាជាតិ 

បឹងកេត ឬទ័ព ក្លាយជាជើងឯកលីគកំពូលកម្ពុជា នឹងដឹងល្ងាចនេះ!

(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៦ បានឈានដល់ការប្រកួតចុងក្រោយ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កញ្ញា​នេះ​ហើយ ប៉ុន្ដែ​គូ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ គឺ​ជំនួបរវាងក្រុមបឹងកេតអង្គរ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ដែលជាជំនួបកំណត់ជោគវាសនារបស់ក្រុមបឹងកេត អាចគ្រងតំណែងជើងឯករដូវកាលថ្មីនេះ ឬបានទៅក្រុមក្រសួងការពារជាតិ ដែលកំពុងឈរកំពូលតារាង។

ជាបណ្ដោះអាសន្នពេលនេះ ក្រុមបឹងកេតអង្គរ បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ២ និងមាន ៤៤ពិន្ទុ បន្ទាប់ពីក្រុមក្រសួងការពារជាតិ ប្រកួត​ចុង​ក្រោយ​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ដោយលទ្ធផល ៤-១ ពីម្សិលមិញ។ ជ័យជម្នះរបស់ក្រសួងការពារជាតិ បានធ្វើឲ្យក្រុមនេះឡើងឈរកំពូលតារាង និងមាន ៤៦ពិន្ទុ តែគ្មានឱកាសរកពិន្ទុបន្ថែមទៀតឡើយ គ្រាដែលបឹងកេត នៅសល់១ប្រកួតក្នុងដៃ ពោលគឺត្រូវជួបក្រុមប៉ូលិសវេលាម៉ោង ៦ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។

សម្រាប់ការប្រកួតបង្ហើយកិច្ចរបស់ក្រុមបឹងកេតអង្គរល្ងាចនេះ គឺដាច់ខាតត្រូវការឈ្នះប៉ូលិស ទើបអាចគ្រងតំណែងជើងឯកបាន ប៉ុន្ដែបើស្មើ ឬ​ចាញ់ តំណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​នេះ នឹង​បាន​ទៅក្រុមក្រសួងការពារជាតិភ្លាម។ ចំណុចនេះហើយ ដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្រចង់ដឹងថា តើបឹងកេតអង្គរ ឬក្រសួងការពារជាតិ នឹងក្លាយជាម្ចាស់ពានលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news