(ប៉េកាំង)៖ ប្រទេសចិន បានចោទប្រកាន់អាជ្ញាធរដែនសមុទ្រ ឥណ្ឌូណេស៊ី ថាបានបាញ់ប្រហារមកលើទូកនេសាទ របស់ខ្លួន កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យអ្នកនេសាទចិន មួយចំនួនរងរបួស ខណៈអ្នកតាមដាននានាបាន បង្ហាញក្តីព្រួយបារម្ភថា ទំនាក់ទំនងរវាងប្រទេសធំៗក្នុងតំបន់ទាំងពីរ នឹងអាចប្រេះស្រាំដោយសាររឿងនេះ។ នេះបើតាម ការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។
ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃចន្ទនេះម្តងទៀត ពីទីក្រុងប៉េកាំង ដោយបញ្ជាក់ពីជំហររបស់ រដ្ឋាភិបាលចិន ដែលមិនសុខចិត្តនោះឡើយ ចំពោះយោធាឥណ្ឌូណេស៊ី ដែលបានប្រើប្រាស់អាវុធ បំពានទាំងកម្រោល មកលើអ្នកនេសាទរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ Hua Chunying បានបញ្ជាក់ដូច្នេះថា «ចិន សូមជំទាស់យ៉ាងដាច់ខាត ចំពោះការប្រើប្រាស់អាវុធ មកលើទូកនេសាទនានា ដោយគ្រាន់តែជាជម្លោះរឿងនេសាទ នោះ។ ជាក់ស្តែងហេតុការណ៍ បានកើតឡើងនៅលើដែនទឹក ដែលចិនតែងតែធ្វើការនេសាទ តាំងពីបុរាណ»។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌូណេស៊ី ធ្លាប់បានបញ្ជាក់រួចមកហើយថា ទូកនេសាទ ចិនខាងលើនេះ បានចូលមកនេសាទដោយខុសច្បាប់ ក្នុងដែនទឹកឥណ្ឌូណេស៊ី ហើយដែលប្រទេសធំជាងគេនៅ អាស៊ានមួយនេះ ធ្លាប់បានបញ្ជាក់ជាយូរណាស់មកហើយថា ខ្លួននឹងមិនលើកលែងដល់ការនេសាទខុសច្បាប់ទៀតឡើយ។ ជាក់ស្តែង ឥណ្ឌូណេស៊ី បានបញ្ជាក់ថា ខ្លួនបានបាញ់ទូកនោះពិតមែន ប៉ុន្តែវាគ្រាន់តែជាការគំរាមដល់ទូកនេសាទ ដែលដោតទង់ជាតិចិននោះប៉ុណ្ណោះ ដោយមិនបានបង្កឲ្យនរណាម្នាក់ រងរបួសនោះឡើយ។
រូបភាព ឯកសារ
គួរបញ្ជាក់ថា ក្រសួងការបរទេសចិន បានថ្លែងសារព្រមានមកកាន់ឥណ្ឌូណេស៊ី ឲ្យឈប់បង្កហេតុដូច្នេះទៀត ពីព្រោះថាវានឹងអាចបង្កឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែអាក្រក់។ មិនមានអ្វីប្លែកនោះទេ នៅរយៈពេលជាង មួយឆ្នាំមកនេះ ឥណ្ឌូណេស៊ី បានចាត់វិធានការក្តៅ បង្ក្រាបទូកនេសាទបរទេសជាច្រើនក្នុងនោះមានទូកវៀតណាម ច្រើនជាងគេ ដោយឥណ្ឌូណេស៊ី បានបាញ់ពន្លិចទូកនេសាទទាំងនោះចោល ក្រោយពីខ្លួនចាប់បាន៕
ប្រភព ៖ ប៊ីប៊ីស៊ី/ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង