CamNews

ព័ត៌មានអន្តរជាតិ 

Michelle Obama “ស្រណោះស្រណោក” ព្រោះជិតចាកចេញពីសេតវិមាន

ស្ដ្រីទីមួយរបស់អាមេរិក លោកស្រី Michelle Obama បានចែករំលែកឱ្យដឹងថា លោកស្រីមានការ
“ស្រណោះស្រណោក” នៅពេលខ្លួនជិតនឹងចាកចេញឆ្ងាយពីសេតវិមាន ជាកន្លែងដែលលោកស្រី
និងគ្រួសារ មានអនុស្សាវរីយ៍រាប់មិនអស់។



លោកស្រី Michelle Obama កាលពីថ្ងៃទី ២០កញ្ញា បានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍មួយ
មានឈ្មោះថា "The Late Show With Stephen Colbert" ដែលរៀបរាប់អំពីរឿងរ៉ាវ និងបទ
ពិសោធក្នុងរយៈពេល ៨ឆ្នាំ ធ្វើជាស្ដ្រីទីមួយរបស់អាមេរិក និងរស់នៅក្នុងសេតវិមាន នេះបើតាម
គេហទំព័រ NBC News។

នៅពេលត្រូវបានសួរអំពីអារម្មណ៍ ខណៈដែលលោក Barack Obama ជិតអស់អាណតិ លោក
ស្រី Obama ថ្លែងថា “នោះប្រាកដជាអារម្មណ៍សប្បាយ និងទុក្ខលាយគ្នា។ អ្វីៗទាំងអស់ នឹងនៅ
តែមានជីវិត”។
លោកស្រីបន្តថា “ខ្ញុំមានអារម្មណ៍ថា ស្រណោះស្រណោក ព្រោះថា យើងខ្ញុំបានចិញ្ចឹមកូនឱ្យធំ
ឡើង នៅសេតវិមាន។ យើងខ្ញុំមានអនុស្សាវរីយ៍ដ៏អស្ចារ្យជាច្រើននៅទីនេះ”។

ស្ដ្រីទីមួយរបស់អាមេរិក បង្ហើបឱ្យដឹងថា កំហុសដែលលោកស្រីបានធ្វើឡើងជាច្រើនលើកក្នុងរយៈ
ពេល៨ឆ្នាំកន្លង នោះគឺ ការហៅឈ្មោះអ្នកដទៃមិនត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្នុងនាមជាស្ដ្រីទីមួយ
លោកស្រីក៏មានអនុស្សាវរីយ៍រាប់មិនអស់ដែលត្រូវចងចាំ ក្នុងចំណោមនោះក៏មានមានឱកាសមួយ
ដែលលោកស្រីបានសម្រាកមួយយប់នៅរាជវាំង Buckingham ។

និយាយអំពីការប្រជែងគ្នាចូលសេតវិមាន ពិធីករ Stephen Colbert បានសួរថា តើលោកស្រីមាន
ការអាណិតចំពោះភរិយា ឬស្វាមីរបស់បេក្ខភាពប្រធានាធិបតីឬទេ ដែលនៅពេលណាក៏ត្រូវបង្ហាញ
ខ្លួនក្បែរដៃគូរបស់ខ្លួន និងត្រូវគេចាប់អារម្មណ៍ច្រើន។

លោកស្រី Obama ឆ្លើយថា “មិនប្រាកដទេ។ ព្រោះថា អ្នកត្រូវតែជាផ្នែកមួយក្នុងនោះ ហើយបើ
សិនមិនសុខចិត្ត អ្នកគួរតែបដិសេធនៅមុនពេលពួកគេសម្រេចចិត្តប្រកួតប្រជែងក្នុងការបោះឆ្នោត”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ NBC News/People


Tags: Michelle Obama ស្ដ្រីទីមួយរបស់អាមេរិក