CamNews

ព័ត៌មានជាតិ 

ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកអាស៊ីតមួយគ្រួសារ មិនទទួលបានយុត្តិធម៌ ព្រោះអ្នកមានអំណាច នៅពីក្រោយខ្នង

(ភ្នំពេញ)៖ លោក លុយ សុវណ្ណារ័ត្ន ជាអ្នករកស៊ីលក់ដូរគ្រឿងក្រអូប នៅក្នុងផ្សារដើមគរ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រពន្ធ និងកូនស្រី ជាទីស្រឡាញ់របស់គាត់ បានរងគ្រោះដោយ​សារទឹកអាស៊ីត ជាងមួយឆ្នាំហើយ តែនៅមិនទាន់ ទទួលបានយុត្តិធម៌ ពីតុលាការនៅឡើយទេ។ ការមិនទទួលបានយុត្តិធម៌នេះ ត្រូវបាន លោក សុវណ្ណា រ័ត្ន ប្រាប់ថា ដោយសារតែ ជនល្មើស នៅក្នុងករណីជះ​ទឹក​អាស៊ីត ទៅលើប្រពន្ធ និងកូនស្រី របស់លោក មានលុយ មានអំណាច និងមានឯកឧត្តមម្នាក់ ជាអ្នក ជួយជ្រោមជ្រែង នឹងអន្តរាគមន៍ពីខាងក្រោយខ្នង។

ដោយសារតែការរង់ចាំរយៈពេលជិតមួយឆ្នាំហើយ នៅតែមិនទាន់ទទួលបានភាពយុត្តិធម៌ នៅពេលនេះ លោក សុវណ្ណារ័ត្ន ដែលជា អ្នករកស៊ីលក់ដូរ គ្រឿងក្រអូបនៅផ្សារដើមគ សូមអំពាវនាវទៅគ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ឲ្យជួយអន្តរាគមន៍ដើម្បីចាប់ជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ជាពិសេសសូមសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៏ផ្ដល់យុត្តិធម៌។

លោក សុវណ្ណា រ័ត្ន បានប្រាប់ឲ្យដឹងថា ហេតុការណ៍ជះទឹកអាស៊ីតទៅលើប្រពន្ធ និងកូនស្រីរបស់លោកបានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុង​ផ្សារ​ទម្លាប់ ក្នុង​ស្រុក​គីរីវង្ស ខេត្តតាកែវ ។ ​​បើតាមការអះអាងពីលោក សុវណ្ណា រ័ត្ន ជម្លោះ ដែលបង្កឡើងនេះ គឺដោយសារតែជនល្មើស ច្រណែនឈ្នានីស ក្នុងការមុខរបររកស៊ី។

ជនរងគ្រោះ​ឈ្មោះ មួង ស្រីមុំ អាយុ​៣១​ឆ្នាំ​រងរបួស​ធ្ងន់​នៅលើ​ផ្ទៃមុខ និង​ដងខ្លួន​ព្រមទាំង​បាន​រលូត​កូន​ក្នុងផ្ទៃ​អាយុ​២​ខែ​ផង​ដែរ និង​កូនស្រី​ឈ្មោះ​សុខ ម៉េត ម៉ូលីតា អាយុ​ទើប​តែ​អាយុ​២​ឆ្នាំ​ក៏​បាន​រងរបួស​នៅ​លើ​ផ្ទៃមុខ​តែ​មិន​ធ្ងន់ធ្ងរ​ទេ។

គួរបញ្ជាក់ថា កន្លងមក ​លោក លុយសុវណ្ណា រ័ត្នបាន រៀបចំ​ពាក្យបណ្តឹង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ និង​អង្គការ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដើម្បី​ឲ្យ​ពួកគាត់​ជួយ​រកយុត្តិធម៌ ។ លោកបន្តថា« ភរិយា​ខ្ញុំ​គាត់​មាន​ការ​ឈឺចាប់​កាន់តែ​ខ្លាំង​នៅពេល​ដែល​ដឹង​ថា ជនដៃ​ដល់​ចាប់​មិន​បាន និង​ឪពុក​ម្តាយ​ជនសង្ស័យ​ត្រូវ​បាន​ដោះលែង​»។

បច្ចុប្បន្នប្រពន្ធ និងកូនស្រី របស់លោក សុវណ្ណារ័ត្ន នៅតែត្រូវការ ការព្យាបាលជាប្រចាំ ដើម្បីឲ្យបានធូរស្រាលជាងមុន។ លោកបន្តថា ការព្យាបាល ប្រចាំថ្ងៃ គឺមានការចំនាយច្រើន ដូចនេះលោកសូមអំពាវនាវឲ្យសប្បុរសធម៌ ជួយបរិច្ចាគជាថវិកា ក្នុងការជួយព្យាបាល ស្នាមរបួសប្រពន្ធ និងកូន របស់ខ្លួន៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP