(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក បានជំរុញឲ្យបុរសទាំងឡាយ ដែលកន្លងមកធ្លាប់បានធ្វើដំណើរទៅកាន់តំបន់ ដែលមេរោគ ហ្ស៊ីកា (Zika) កំពុងលុកលុយនោះ ត្រូវតម ឬ ប្រើប្រាស់ស្រោម អនាម័យឲ្យបានត្រឹមត្រូវ នៅពេលរួមភេទជាមួយដៃគូខ្លួន ដែលកំពុងមានផ្ទៃពោះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៦។
សេចក្តីប្រកាសថ្មីនេះ ត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលអាមេរិក សម្រាប់ការការពារ និងគ្រប់គ្រងជំងឺទូទៅ (CDC) ក្រោយពីផ្នែកវេជ្ជសាស្ត្រជាតិ បានរកឃើញថា មេរោគដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាត់ របស់ទារកខាងលើនេះ អាចឆ្លងតាមរយៈការរួមភេទ។
ដោយឡែកសម្រាប់ស្ត្រីដែលមានផ្ទៃពោះ ហើយចង់ចាក ចេញពីតំបន់ដែលកំពុងវាយលុកដោយវីរុស ហ្ស៊ីកា នោះ CDC តម្រូវឲ្យពួកគេ ទទួលការធ្វើតេស្តរកមើលមេរោគរយៈពេល ១២សប្តាហ៍ជាមុនសិន ទើបអាចធ្វើការ ផ្លាស់ប្តូរទីលំនៅ ឬ ធានាថាទារករបស់ពួកគេនឹងមានសុវត្ថិភាព។ កាលពីដើមសប្តាហ៍នេះ អាជ្ញាធររដ្ឋតិចសាស់ (Texas) ភាគខាងត្បូងអាមេរិក បានប្រកាសពីការឆ្លងវីរុស ហ្ស៊ីកា ជាលើកដំបូង ដោយសារតែការរួមភេទ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី