CamNews

តារា 

រ៉ាប៊ី ត្រូវ​បាន​អ្នក​គាំ​ទ្រ​ មើល​ឃើញ​ថា វ៉ាដាច់ និរត្តន៍ និង​ស៊ូ ស៊ីរីកា

(ភ្នំពេញ)៖ រយៈពេលមិនដល់កន្លះឆ្នាំផង ផលិតកម្ម ថោន បានប្រមូលតារាចម្រៀងស្រីថ្មីៗដល់ទៅបីដួង ដោយក្នុងនោះរួមមាន កញ្ញ ស៊ូ ស៊ីរីកា,កញ្ញា និរត្តន៍ និងកញ្ញា ផាត វីរ៉ាទី ហៅរាប៊ី ដែលតារាចម្រៀងទាំង៣ដួងនេះ សុទ្ធសឹងតែមានចំណុចពិសេសរៀងៗខ្លួន ។ តារាចម្រៀង ស៊ូ ស៊ីរីកា ត្រូវបានគេដឹងថា មានទឹកដមសំឡេងខ្លាំង​ អាចស្រែកបានខ្ពស់ និងមានស្ទីលរ៉ុក។ ចំណែកកញ្ញា និរត្តន៍ មានស្ទីលជាតារាចម្រៀងបែបស្រុកស្រែ ព្រោះសំឡេង​មានភាពក្រអួនក្រអៅ បែបជនបទ។ ដោយឡែក ស្រីស្រស់ រ៉ាប៊ី មានទឹកសំឡេងស្រាល តែស្រទន់ ​ហើយអ្វីដែល រ៉ាប៊ី មានលក្ខណៈឡូយជាង តារាចម្រៀងពីរដួង​ខាងលើ គឺក្បាចរាំ និងសមត្ថភាព ក្នុងការសម្ដែង​ ពិតជាមិនធម្មតាឡើយ អ្នកណាក៏លាន់មាត់សរសើរនាងដែរ។

តារាចម្រៀងស្រីថ្មី កញ្ញា រ៉ាប៊ី ឬកញ្ញា ស្ពៃជ្រក់ ហាក់មានប្រជាប្រិយលោត លើស​មិត្តអាជីពពីរនាក់ទៀត ដែលជាតារាចម្រៀងថ្មីដូចគ្នា ព្រោះនាង​បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ មុនក្លាយជាតារាចម្រៀង ក្នុងផលិតកម្ម ថោន រួចមកហើយ ។ ស្នាដៃសម្ដែងដ៏ល្អ​ ក្នុងភាពក្រមិចក្រមើមរបស់ រ៉ាប៊ី ក្នុងរឿង «កំលោះក្ដាមប្រៃ កញ្ញា​ស្ពៃជ្រក់» ពិសេសនាងក៏ធ្លាប់ ជាពិធីការីនី និងជាគ្រូបង្ហាត់រាំម្នាក់ផងដែរ ។ កាន់តែពិសេស​ថ្មីៗនេះ បទចម្រៀង «ចង់តែនៅក្រមុំ» ត្រូវបានគេនិយមចាក់ តាមទីសាធារណៈជាច្រើន ដែលនេះបង្ហាញថា នាងវ៉ាដាច់ តារាចម្រៀងថ្មីពីរដួងទៀតហើយ ។

កញ្ញា រ៉ាប៊ី ត្រូវបានគេសង្កេតឃើញថា នាងមានវត្តមាន លើកញ្ចាក់ទូរទស្សន៍ញឹកញាប់ ជាង​តារាចម្រៀង និរត្តន៍ និង ស៊ូ ស៊ីរីកា ហើយរាល់ពេល​បង្ហាញខ្លួនម្ដងៗ ក្បាច់រាំ និងការតុបតែងខ្លួន មានលក្ខណៈស្អាត និងទាក់ទាញ ព្រោះនាងជាស្រីស្អាតស្រាប់ ពិសេសទូរទស្សន៍អាស៊ីអាគ្នេយ៍ ចូលចិត្តហៅនាងឡើងក្នុងកម្មវិធីនានាណាស់ ដែល​ធ្វើឲ្យអ្នកទស្សនា មានភាពសប្បាយរីករាយ ពេលបានមើលការសម្ដែង របស់នាង ។

ថ្វីដ្បិត រ៉ាប៊ី មិនធ្លាប់និយាយរឿងគូស្នេហ៍ ប៉ុន្តែសម្រាប់ស្រីស្រស់រូបនេះ ត្រូវបានគេដឹងថា ជាតារាចម្រៀងស្រីម្នាក់ មានមន្តស្នេហ៍មិនធម្មតាឡើយ កន្លង់ទាំងក្នុង និងក្រៅប្រទេស ប្រាថ្នាចង់បាននាងយកទៅថ្នាក់ថ្នម ។ រ៉ាប៊ី តែងតែលេងចារឹត មិនសូវអើពើ​នឹងអ្នកស្រឡាញ់​ លើរូបនាងឡើយ រហូតមានពាក្យចចាមអារ៉ាមថា នាងជាមនុស្សវាយឫក​មិនសូវនិយាយស្ដីច្រើន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Nivoth Star news local news Rabi