(វ៉ាស៊ីនតោន)៖ បទបញ្ជារបស់លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៃបណ្តាប្រទេសទាំងប្រាំពីរដែលភាគច្រើនជា ពួកម៉ូស្លីមធ្វើដំណើរទៅទឹកដីអាមេរិក ដែលក្នុងនោះរួមមាន ប្រទេស អ៊ីរ៉ាក់ ស៊ីរី ស៊ូដង់ អ៊ីរ៉ង់ សូម៉ាលី លីប៊ី និងយ៉េម៉ែន បានបង្កឱ្យមានការប្រឆាំង បះបោរនៅអាកាសយាន្តដ្ឋាន និងក្នុងទីក្រុងជាច្រើនទូទាំងពិភពលោក។
មានចម្ងល់ជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាប្រធានាធិបតីអាមេរិករូបនេះសម្រេចដាក់ប្រទេស ដែលមិនធ្លាប់បង្កឱ្យមានអ្នកស្លាប់ក្នុងដែនដីអាមេរិក អស់រយៈពេលជាងពីរទសវត្សរ៍ក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរបែបនេះ ខណៈដែលប្រទេសដែលជាប្រភពនៃភេរវករផ្សេងទៀត បែរជាមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីទៅវិញ។
យ៉ាងនេះក្តី ប្រធានបុគ្គលិកប្រចាំសេតវិមាន លោក Reince Priebus បានបញ្ជាក់ថា បញ្ជីប្រទេសដែលត្រូវហាមឃាត់មិនឱ្យធ្វើដំណើរទៅអាមេរិក អាចនឹងត្រូវបានបន្ថែមទៀត។ លោកបានបញ្ជាក់ថា ការជ្រើសរើសប្រទេសទាំងនេះ មិនពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ចកម្មរបស់លោក ដូណាល់ ត្រាំ នោះឡើយ។ តើការលើកឡើងរបស់លោកជារឿងសមហេតុផល និងពិតដែរឬទេ?
ខាងក្រោមនេះហេតុផលនៃ១១ប្រទេស ដែលមានពាក់ព័ន្ធភេរវករ ហើយគួរតែជាជម្រើសរបស់លោក ត្រាំ តែបែរជាមិនរាប់បញ្ជូលក្នុងបញ្ជីទៅវិញ៖
* ប្រទេស អារ៉ាប៊ីសាអូឌីត៖
ក្នុងបទបញ្ជាហាមឃាត់នោះ លោក ត្រាំ បានលើកឡើងថា ហេតុផលដោយសារប្រទេសទាំងនោះ មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ភេរវកម្ម១១ កញ្ញា ២០០១។ ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីត បែរជាមិនត្រូវបានដាក់បញ្ជូលក្នុងបញ្ជីទៅវិញ បើទោះបីជាចោរប្លន់១៥នាក់ ក្នុងចំណោម១៩នាក់នៃព្រឹត្តិការណ៍១១ កញ្ញា ២០០១ សុទ្ធតែមានប្រភពមកពីចក្រភពមួយនេះក្តី។ ប្រទេស អារ៉ាប៊ីសាអូឌីត ក៏ជាអ្នកឧបត្ថម្ភទៅលើក្រុមឧទ្ទាមឥស្លាមទូទាំងពិភពលោក និងជាប្រទេសមួយក្នុង ចំណោមប្រទេសធំជាងគេ ដែលបញ្ជូនអ្នកវាយប្រហារបរទេស ទៅកាន់ក្រុមឧទ្ទាម ISIS។
ប្រទេស អារ៉ាប៊ីសាអូឌីត មិនត្រូវបានដាក់បញ្ជូលក្នុងបញ្ជី ហេតុផលដោយសាររដ្ឋាភិបាលក្រុង Riyadh បានផ្តល់នូវប្រាក់ចំណូលច្រើនសម្រាប់លោក ត្រាំ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងវិស័យពាណិជ្ជកម្ម។ ម្យ៉ាងទៀតប្រទេសនេះជាប្រទេសអ្នកទិញអាវុធធំជាងគេលើពិភពលោក ខណៈដែលសហរដ្ឋអាមេរិក គឺជាប្រទេសអ្នកលក់អាវុធធំជាងគេផងដែរ។
*ប្រទេស អាហ្គាហ្វនីស្ថាន៖
ពួកឧទ្ទាម ISIS អាល់កៃដា តាលីបង់ គឺជាក្រុមភេរវករបីក្រុម ក្នុងចំណោមក្រុមសកម្មប្រយុទ្ធផ្សេងទៀតជាច្រើន ដែលមានវត្ថមាននៅក្នុងទឹកដីនៃ ប្រទេសអាស៊ីខាងត្បូងមួយនេះ។ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា មានក្រុមភេរវករប្រមាណជា២០អង្គការដែលកំពុងមានសកម្មភាពនៅប្រទេស អាហ្គានីស្ថាន និងប៉ាគីស្ថាន ដែលជាសម្បុកភេរវករធំបំផុតជាងគេលើពិភពលោក។
ប៉ុន្តែប្រទេស អាហ្គាហ្វនីស្ថាន បានជួយសម្រួលដល់ប្រតិបត្តិការសហរដ្ឋអាមេរិក ដូចជាការវាយប្រហារតាមដែនអាកាសជាដើម។ ម្យ៉ាងវិញទៀតប្រសិនបើដាក់ ប្រទេសនេះក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ អាចបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់ទំនាក់ទំនងការងារយ៉ាងជិតស្និតរវាងអាមេរិក និងអាហ្គាហ្វនីស្ថាន។ ម្យ៉ាងវិញទៀត បច្ចុប្បន្នយោធាអាមេរិកចំនួន៧,០០០នាក់ កំពុងមានវត្តមាននៅមូលដ្ឋានប្រទេសនេះ ដែលជាផ្នែកមួយនៃបេសកកម្មអង្គការណាតូ។
* ប្រទេសប៉ាគីស្ថាន៖
ប្រទេស ប៉ាគីស្ថាន ជាប្រទេសមួយក្នុងចំណោមប្រទេសប្រាំផ្សេងទៀត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយភេរវកម្ម។ ប្រទេសនេះនៅតែបន្តសិ្ថតក្នុងការ ប្រឈមមុខដាក់គ្នាប្រឆាំងពួកតាលីបង់ និងពួកឧទ្ទាម ISIS ។ ប៉ុន្តែដោយសារបច្ចុប្បន្នប្រទេស ប៉ាគីស្ថាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាសម្ព័ន្ធក្នុងតំបន់ ហេតុនេះលោក ត្រាំ មានបំណងចង់យកធ្វើជាមិត្ត ជាជាងធ្វើជាសត្រូវ ហេតុនេះហើយបានប្រទេស ប៉ាគីស្ថានត្រូវរួចខ្លួន។
* ប្រទេសតួកគី៖
ប្រទេស តួកគី ជាផ្នែកមួយដែលបានបង្កបញ្ហាពាក់ព័ន្ធនឹងក្រុមជ្រុលនិយមផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសនេះក៏រងឥទ្ធិពលពីជម្លោះ ប្រទេសជិតខាងស៊ីរី និងជាប្រទេសដែលផ្តល់ច្រកធ្វើដំណើររបស់ពួកជីហាដរាប់ពាន់នាក់ ដើម្បីឆ្លងកាត់ពីប្រទេស ស៊ីរី ទៅកាន់អឺរ៉ុប។ ប៉ុន្តែប្រទេសតួកគី ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អង្គការណាតូ បានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ការវាយប្រហារប្រឆាំងពួកឧទ្ទាម ISIS និងដៃគូសេដ្ឋកិច្ច ដ៏សំខាន់ ជាពិសេសគឺផ្នែកយន្តហោះ និងជំនួញប្រេង។ លោក ត្រាំ បានបញ្ជាក់ថា បញ្ហាក្នុងតំបន់ មិនអាចដោះស្រាយបានដោយការ «បិទច្រកដើរ របស់មនុស្សបានឡើយ» នេះជាហេតុផលដែលលោកមិនរាប់បញ្ចូលប្រទេស តួកគីក្នុងបញ្ជី។
* ប្រទេស ទុយនេស៊ី៖
ប្រទេស ទុយនេស៊ី ជាប្រទេសនាំមុខគេក្នុងការបញ្ជូនសកម្មប្រយុទ្ធទៅកាន់ប្រទេស អ៊ីរ៉ាក់ និងស៊ីរី។ ជនជាតិទុយនេស៊ីប្រមាណ៦,០០០នាក់ បានធ្វើដំណើរទៅក្រៅប្រទេសដើម្បីបង្កសកម្មភាពវាយប្រហាររបស់ខ្លួន។ ប្រទេស ទុយនេស៊ី មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅដែនដីអឺរ៉ុប ជាក់ស្តែងព្រឹត្តិការណ៍វាយប្រហារឆ្នាំ២០១៦ជាដើម។ យ៉ាងនេះក្តី ទុយនេស៊ីជាប្រទេសដែលធ្លាប់មានកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេស លីប៊ី ដែលនេះអាចជាហេតុផលគ្រប់គ្រាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
* ប្រទេស ហ្ស៊កដានី៖
ប្រទេស ហ្ស៊កដានី ក៏ទទួលឥទ្ធិពលក្រាសក្រែលពីជម្លោះក្នុងប្រទេស ស៊ីរីផងដែរ។ ហ្ស៊កដានី ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនចំណែកអំពើហិង្សា របស់ពួកជ្រុលនិយមក៏កើតឡើងជាញឹកញាប់ ក្នុងនោះរួមមានការបាញ់ប្រហារទៅលើយោធាអាមេរិកបីរូប នៅមូលដ្ឋានទ័ពក្នុងប្រទេសហ្ស៊កដានីជាដើម។ បច្ចុប្បន្ន ប្រទេសនេះនៅតែជាប្រទេសដែលបញ្ជូនក្រុមសកម្មប្រយុទ្ធ ទៅដល់ពួកឧទ្ទាម ISIS ច្រើនបំផុតផងដែរ។ យ៉ាងនេះក្តីសហរដ្ឋអាមេរិកនៅតែចង់រក្សា ទំនាក់ទំនងល្អជាមួយប្រទេស ហ្ស៊កដានី ដែលជាប្រទេសរាជានិយម ព្រោះវាបានផ្តល់នូវទីតាំងសម្រាប់ប្រតិបត្តិការយោធាក្នុងតំបន់មជ្ឈឹមបូព៌ា ចាប់តាំងប្រទេសនេះ ចូលរួមក្នុងការវាយប្រហារប្រឆាំងនឹងពួក ISIS ទាំងក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី។ ទំនាក់ទំនងនេះ អាចជាការអូសទាញលោក ត្រាំ មិនឱ្យដាក់ប្រទេស ហ្ស៊កដានីក្នុងបញ្ជីនៃការហាមឃាត់។
*ប្រទេស អារ៉ាប់រួម៖
ក្នុងចំណោមភេរវករទាំងអស់ ក្នុងព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា មានភេរវករម្នាក់ដែលមានប្រភពពីប្រទេសអារ៉ាប់រួម។ សហរដ្ឋអាមេរិកទំនងជាមិនដាក់ ប្រទេសក្នុងនេះក្នុងបញ្ជី មូលហេតុដោយសារ ទីក្រុង Abu Dhabi ជាទីតាំងដ៏សំខាន់សម្រាប់អាមេរិកក្នុងការលក់អាវុធ និងនាំចេញថាមពលទៅអាមេរិក។ សារព័ត៌មាន Bloomberg បានធ្វើសេចក្តីរាយការណ៍ថា លោក ត្រាំ អាចទាញបានប្រយោជន៍ខ្ពស់ពីកិច្ចការជំនួញក្នុងទីក្រុង Dubai។
* ប្រទេស កាតា៖
រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក អូបាម៉ា បានចាត់ទុកប្រទេសនេះថា ជាតួអង្គដ៏សំខាន់ដែលនៅពីក្រោយពួកអាល់កៃដាក្នុងប្រទេស ស៊ីរី។ ប៉ុន្តែវាបែរជាមិនស្ថិតនៅក្នុងបញ្ជីរបស់លោក ត្រាំ ទៅវិញ។ មូលហេតុដោយសារ ទាំងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងលោក ត្រាំ ផ្ទាល់សុទ្ធតែទទួល បានផលប្រយោជន៍ហិរញ្ញវត្ថុក្នុងប្រទេសនេះ។
ប្រទេសទាំងពីរមានទំនាក់ទំនងគ្នា ក្នុងកិច្ចការជួញដូរអាវុធក្នុងតម្លៃជាទឹកប្រាក់រហូតដល់ខ្ទង់ពាន់លានដុល្លារ។ លោក ត្រាំ គ្រោងនឹងកសាងសណ្ឋាគារប្រណិតមួយក្នុងប្រទេសនេះ។ ទីក្រុង Dubai ជាទីក្រុងអាទិភាពមួយសម្រាប់យើងទាំងអស់គ្នា នេះជាការលើកឡើងរបស់លោកស្រី អ៊ីវ៉ាន់កា កូនស្រីរបស់លោក ត្រាំ ក្នុងបទសម្ភាសន៍កាលពីឆ្នាំ២០១៥កន្លងទៅនេះ។
* ប្រទេស អេហ្ស៊ីប៖
វាហាក់ដូចជាមិនអាចទៅរួចនោះទេ ដែលលោកត្រាំ នឹងដាក់ប្រទេស អេហ្ស៊ីប ក្នុងបញ្ជីខ្មៅរបស់លោក ដែលវាអាចនឹងបង្កផលប៉ះពាល់ដល់ ទំនាក់ទំនងជិតស្និតជាមួយប្រធានាធិបតី Abdel Fatteh el-Sisi។ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ លោក ត្រាំ បានចាត់ទុកមេដឹកនាំអេហ្ស៊ីប ថា ជាមនុស្សដ៏អស្ចារ្យបំផុត។ បើទោះបីជាការពិតទៅ ចោរប្លន់ម្នាក់ក្នុងចំណោមចោរប្លន់ទាំងអស់ក្នុងព្រឹតិ្តការណ៍១១ កញ្ញា ២០០១ មកពីប្រទេស អេហ្ស៊ីបក្តី តែ លោក ត្រាំ ហាក់បង្ហាញជំហរផ្អៀងទៅរកលោក Sisi ។ ម្យ៉ាងវិញទៀត ដោយប្រទេសទាំងពីរមានសត្រូវរួម គឺពួកភេរវករ ជាហេតុផលជម្រុញឱ្យប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកលើបញ្ហានេះកាន់តែស៊ីជម្រៅ។
* ប្រទេស ម៉ារ៉ុក៖
ខុសពីប្រទេសផ្សេងទៀតនៅអាហ្វ្រិកខាងជើង ប្រទេស ម៉ារ៉ុក ព្យាយាមបញ្ជៀសរាល់ការវាយប្រហារធំៗពីសំណាក់ពួកភេរវករ ចាប់តាំងពីមានហេតុការណ៍ វាយប្រហារដោយការបំផ្ទុះគ្រាប់បែកនៅតំបន់ដែលមានប្រជាប្រិយភាព សម្រាប់អ្នកទេសចរណ៍ខ្លាំងបំផុត។ ប្រទេសនេះ ក៏មានឆន្ទៈក្នុងការធ្វើជាដៃគូដើម្បី គាំទ្រអឺរ៉ុប ក្នុងការប្រឆាំងភេរវកម្ម។ នេះអាចជាមូលហេតុដែលលោក ត្រាំ មិនរាប់បញ្ចូលប្រទេសនេះក្នុងបញ្ជី។
*ប្រទេស ឥណ្ឌូនេស៊ី៖
ជាប្រទេសមួយដែលមានប្រជាពលរដ្ឋជាពួកម៉ូស្លីមច្រើន ព្រមទាំងធ្លាប់រកការវាយប្រហារដោយពួក ISIS ជាច្រើនលើក។ ហេតុអ្វីបានជាឥណ្ឌូនេស៊ី មិនជាប់ក្នុងបញ្ជីហាមឃាត់របស់លោក ត្រាំ ? ក្រៅពីកិច្ចសហប្រតិបត្តិការសន្តិសុខ លោក ត្រាំ មានដៃគូពាណិជ្ចករជាជនជាតិឥណ្ឌូនេស៊ី ដែលមើលការខុសត្រូវទៅលើការកសាងរមណីយដ្ឋានពីកន្លែងរបស់លោក ត្រាំ រួមជាមួយទំនាក់ទំនងសំខាន់ៗជាច្រើនទៀត។
ហេតុនេះយើងឃើញថា ប្រធានាធិបតីមហាអំណាចអាមេរិក លោក ដូណាល់ ត្រាំ ហាមឃាត់ប្រាំពីរប្រទេស មិនឱ្យធ្វើដំណើរទៅកាន់ដែនដីសហរដ្ឋអាមេរិក ស្របពេលដែលប្រទេសសំខាន់ៗមួយចំនួនមិនត្រូវបានដាក់បញ្ជូល ហេតុផលពិតមិនមែនដើម្បីរក្សាសន្តិសុខជាតិ លុបបំបាត់អំពើរភេរវករនោះឡើយ ហេតុផលសំខាន់គឺដើម្បីស្វែងរកផលប្រយោជន៍ជំនួញ និងរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី