(ភ្នំពេញ)៖ តារាសម្តែងរូបស្រស់សាច់សខ្ចី ដូចបណ្តូលចេក កញ្ញា មាន សូនីតា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ បាននាំយកថវិកាចំនួន១០លានរៀល បានមកពីការលក់សៀវភៅ ទៅប្រគល់ជូនមន្ទីរ ពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យធំ នៅកម្ពុជាក្នុងការជួយសង្គ្រោះ អាយុជីវិតកុមារ។
កញ្ញា មាន សូនីតា បានថ្លែងក្នុងឱកាសនោះថា «ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ដែលបានគាំទ្រចលនាស្រឡាញ់សៀវភៅ។ ថ្ងៃនេះមានកម្មវិធីប្រគល់ថវិកា ទៅពេទ្យគន្ធបុប្ផា ដោយអ្នកទាំងអស់គ្នា បានគាំទ្រ Manith Jupiter និងសូនីតា ព្រមទាំងក្រុមការងារ រោងភាពយន្ត លេជេនហើយថវិកា ចំនួន១០លានរៀលនេះ គឺជាទឹកប្រាក់រកបានពីការលក់សៀវភៅ បេសកកម្មមួយរយៈពេលពីរ ខែកន្លមក!»។
នេះមិនមែនទើបតែ ជាលើកទី១នោះទេ ដែលតារាសម្តែងរូបស្រស់ កញ្ញា មាន សូនីតា បានបង្ហាញក្នុងតាមរយៈសកម្មភាព មនុស្សធម៌ជួយសង្គម ពោលជារឿយៗ នាងតែងតែចូលរួមធ្វើអំពើមនុស្សធ៌នានាដូចជា ចុះចែកអំណោយដល់កុមារកំព្រា និងប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ដាច់ស្រយាល មួយចំនួន។
សូមបញ្ជាក់ថា ដោយមើលឃើញពីសកម្មភាព លេចធ្លោទាំងការងារមនុស្សធម៌ និងសិល្បៈបូករួមរូបសម្ផស្សស្រស់សោភា មានភាពរួសរាយរាក់ទាក់ កញ្ញា មាន សូនីតា ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតសុច្ឆន្ទៈ របស់អង្គការ USAID កាលអំឡុង ដើមខែមិថុនាឆ្នាំ២០១៥ និងកាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ មាន សូនីតា ក៏ត្រូវបានប្រកាសតែងតាំងធ្វើជា ឯកអគ្គរាជទូតតំណាងឲ្យរោងភាពលេជេនជាថ្មីបន្ថែមទៀត នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ដែលពិធីនេះបានធ្វើឡើនៅ Legend Cinemas៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង