(ភ្នំពេញ)៖ពិតជាមានអត្ថន័យជ្រាលជ្រៅ មិនអាចកាត់ថ្លៃបាន ចំពោះក្ដីស្រឡាញ់រវាងឪពុក និងកូនស្រី ខណៈដែលេពេលវេលា ហាក់ដើរលឿនណាស់ក្នុងមួយប៉ប្រិចភ្នែក ។ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ តារាចម្រៀង និងជាតារាសម្ដែង លោក យ៉ែម សំអូន បានបែកពីកូនស្រីសំណប់ចិត្ត ស្រឡាញ់ស្មើនឹងកែវភ្នែក រយៈពេល១ឆ្នាំគត់ បន្ទាប់ពីមានភាពចម្រូងចម្រាស់គ្នា ជាមួយភរិយា គឺអ្នកនាង យ៉ាន លីនដា រហូតមានពាក្យបណ្ដឹងលែងលះគ្នា កាលពីពេលកន្លងទៅ ពីសំណាក់ក្រុមគ្រួសារអ្នកសិល្បៈរូបនេះ ។
ក្រោយពីភរិយាបានដាច់ចិត្ត ចាកចេញឆ្ងាយ ដោយនាំទាំងកូនស្រីទៅ រស់នៅឯនាយសមុទ្រ នៃទឹកដីប្រទេសអូស្រ្តាលីរួចមក គេឃើញលោក យ៉ែម សំអូន កំពុងតែរស់នៅម៉ង់ៗ តែម្នាក់ឯងក្នុងប្រទេសកម្ពុជា អមជាមួយនឹងភាពឯកា ដែលមានតែការងារសិល្បៈខ្លះៗ ធ្វើឡើងដើម្បីបន្លប់ទុក្ខប៉ុណ្ណោះ ។ យ៉ាងណាក្ដី ភរិយារបស់លោក បានប្រកាន់ជំហដាច់ខាតថា មិនវិលរកលោក យ៉ែម សំអូន វិញឡើយ បើទោះបីជាមានការសម្របសម្រួល ពីភាគីណាក៏ដោយ រហូតដល់នាងសម្រេចចិត្ត បញ្ជូនមេធាវីមកស្រុកខ្មែរ ដើម្បីធ្វើការលែងលះ តាមផ្លូវច្បាប់ទៀតផង។
ពាក្យចាស់តែងពោលថា« កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» យ៉ាងណាមិញ បើទោះជាលោក យ៉ែម សំអូន និងភរិយា ឈានដល់ការលែងលះគ្នា គ្មានថ្ងៃជួបវិញក្ដី ប៉ុន្តែដំណក់ឈាមរួមគ្នា គឺកូនស្រីបណ្ដូលចិត្តម្នាក់ លោកពិតជាមិនអាចកាត់បានឡើយ ក្នុងមួយជីវិតនេះ ។ លោក យ៉ែម សំអូន បានសុខចិត្តទទួលយកកំហុសគ្រប់យ៉ាង ធ្វើយ៉ាងណាឲ្យតែបានជួបកូនស្រីបណ្ដូលចិត្ត ស្មើនឹងកែវភ្នែករបស់លោក។ នៅថ្ងៃនេះ លោកបានបង្ហាញសារ គួរឲ្យស្រណោះស្រណោក ផ្ញើជូនដល់កូនស្រីពីចម្ងាយ បញ្ជាក់ពីទំហំទឹកចិត្តឪពុក ហើយពេលបានអាន អាចមានអ្នកខ្លះចង់រលីងរលោងទឹកភ្នែក ស្លុងនឹងពាក្យពេចន៍របស់លោក ក៏ថាបាន ។
លោក យ៉ែម សំអូន បានសរសេរក្នុង Facebook ផ្ទាល់របស់លោកថា «មែនហើយ ពេលវេលាពិតជាដើរលឿនណាស់ ប៉ុន្តែប៉ាប៉ា នៅចាំច្បាស់ ស្នាមញញឹម ដែលមាននៅក្នុងរូបថតមួយសន្លឹកនេះ គឺបញ្ជាក់ថា ប៉ាប៉ាបានបែកពីកូនស្រី រយៈពេលមួយឆ្នាំហើយ 21-01-2015 រហូតមកដល់ពេលនេះ ប៉ាប៉ាពិតជា នឹកកូនខ្លាំងណាស់ ហើយប៉ាសូមទោសកូន តែប៉ាប៉ាជឿជាក់ថា ពីរនាក់ប៉ាកូនយើងនឹងបានជួបគ្នា ហើយកូនក៏ធ្លាប់បានសន្យានឹងប៉ាហើយ នៅថ្ងៃណាដែលព្រម និងចង់ជួប ប៉ាប៉ា មិនថាពេលវេលា និងទីកន្លែងឆ្ងាយយ៉ាងណា ក៏ ប៉ាប៉ានឹងទៅជួបកូនភ្លាម ។ ហើយប៉ានៅរក្សាជំហរដដែល ប៉ាដែលផ្លាស់ប្ដូរខ្លួនឯង ថាប៉ាមានកូន និងស្រលាញ់កូន ស្មើនឹងជីវិតរបស់ប៉ា ផ្លូវនៅវែងឆ្ងាយសំរាប់កូន ហើយមានតែពេលវេលាមួយគត់ ដែលអាច បញ្ជាក់អំពីគុណតម្លៃរបស់យើង ហើយថា តើយើងនឹងដើរដល់កំរិតណា តែប៉ាប៉ានៅតែមានសង្ឃឹម និងមានមោទនភាព ចំពោះកូនស្រីដ៏រឹងមាំ របស់ ប៉ាប៉ា»។
លោក បានបន្តទៀតថា «ប៉ាសូមជូនពរកូនស្រីតែមួយរបស់ប៉ា ជួបតែសេចក្ដីសុខ រៀនពូកែ និងសូមឲ្យកូនក្លាយជាមនុស្សដ៏ល្អសម្រាប់អ្នក គ្រប់គ្នាហើយកុំភ្លេចសន្យា ជាមួយប៉ាប៉ាផង ប៉ាស្រឡាញ់ និងនឹកកូនជារៀងរហូត@ronnyyem..»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី