(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ ពាក់ព័ន្ធ ករណីឃាតកម្មរំលោភ រួចសម្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅស្រុកឈូក។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះជនសង្ស័យរូបនេះត្រូវបាននាំខ្លួនមកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់»។ លោកស្នងការបានបន្តថា ជនសង្ស័យរូបនេះមានឈ្មោះ ថន រ៉ាត់ អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពក្មេងស្រីម្នាក់ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះស្ថិតនៅ ចំណុចគំនរចំប៉ើង កន្លែងដាច់ស្រយាលមួយ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
មន្រ្តីនគរបាលស្រុកឈូក បានថា ក្មេងរងគ្រោះបានចេញពីផ្ទះទៅរៀនតាំងពីព្រឹកថ្ងៃទី១៩ម្សិលមិញរហូតដល់ល្ងាច បងប្អូនកុមារី រងគ្រោះ មិនបានឃើញ ត្រឡប់មកផ្ទះវិញក៏បានបបួលគ្នាចេញទៅដើររក តែមិនឃើញទេលុះព្រឹកឡើង ថ្ងៃនេះទើបប្រជាពលរដ្ឋ ដើរប្រទះឃើញសាកសព នៅចំណុចកើតហេតុខាងលើ ហើយក៏បានទំនាក់ទំនងមកកម្លាំងនគរបាលភ្លាម ឲ្យចុះទៅជួយអន្តរាគមន៍ និងពិនិត្យសព។ នគរបាលដដែលឲ្យដឹងទៀតថា កុមារីរងគ្រោះមានឪពុកកំព្រាម្តាយរស់នៅជាមួយបងប្អូន ដោយឪពុកមិនបាននៅផ្ទះ ទេគឺចេញទៅ លេងបងប្អូននៅឯខេត្តបាត់ដំបងឯណោះ។
ករណីនេះត្រូវនគរបាល ដាក់ការសង្ស័យជាបឋម ជារឿងរំលោភសេពសន្ទវៈ រួចសម្លាប់ចោលដើម្បីបំបិតមាត់។ កុមារីរងគ្រោះ ឈ្មោះ ឃុន ណាន អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី