CamNews

ព័ត៌មានអន្តរជាតិ 

អាសន្ន ៖ នៅថៃ ក្តៅខ្លាំង ដល់ទៅ ៤៤អង្សា ក្តៅខ្លាំងបំផុត មិនធ្លាប់មានរយៈពេល ៦៥ឆ្នាំចុងក្រោយ

(បាងកក)៖ រដ្ឋាភិបាលថៃ បានប្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ណែនាំប្រជាជនរបស់ខ្លួនឲ្យ ព្យាយាមនៅក្នុងផ្ទះឬអគារផ្សេងៗ ដើម្បីគេចចេញពីកម្តៅថ្ងៃក្តៅខ្លំាង ដែលប្រទេសអាស៊ីអាគ្នេយ៍ មួយនេះមិនដែលបានជួបប្រទះអស់រយៈពេល ៦៥ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។

សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងតំបន់ភាគច្រើនទូទាំងប្រទេសថៃ បានកើនឡើងលើសពី ៤០អង្សាសេ ទៅហើយ នៅក្នុងអំឡុងខែមេសានេះ។ ជាក់ស្តែងសីតុណ្ហភាពនេះ វាលើសកម្រិតប្រកាសអាសន្នទៅហើយ ស្របពេលដែលមានការព្រមានថា វានឹងអូសបន្លាយទៅរយៈពេល ប៉ុន្មានសប្តាហ៍ទៀត។

នៅក្នុងខែមេសា ដដែលនេះសីតុណ្ហភាពមធ្យមនៅតំបន់ភាគច្រើនគឺ ៤០អង្សាសេ ហើយផ្នែក ព្យាករណ៍អាកាសធាតុបានលើកឡើងថា វានឹងអាចកើនឡើងដល់ ៤៤,៣ អង្សាសេនៅប៉ុន្មាន ថ្ងៃខាងមុខទៀតនេះ។ អាជ្ញាធរបានប្រាប់ប្រជាជនកុំឲ្យចេញទៅណាមកណា ពេលថ្ងៃក្តៅ និង ត្រូវទទួលទានទឹកឲ្យបានច្រើន ដើម្បីរក្សាតុល្យភាពទឹកក្នុងរាងកាយ។

គួរបញ្ជាក់ថា ក្មេងៗសរុប ១៣៥នាក់ បានលង់ទឹកស្លាប់ ក៏ព្រោះតែពួកគេចុះមុជទឹក សមុទ្រ ទន្លេ និងបឹង ដើម្បីគេចចេញពីអាកាសធាតុក្តៅ នៅក្នុងអំឡុងខែមេសា នេះ៕




ប្រភព ៖ CNA 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី 


Tags: Thaksin Shinawatra Thai Thailand Bangkok Asia Asean Heatwave