CamNews

យល់ដឹង 

មានរន្ទះបាញ់ ត្រូវគេចជៀស ដោយរបៀបណា?

រដូវវស្សានាបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា​ មានរន្ទះកាចសាហាវជាងមុន ដូច្នេះ មនុស្ស
ទូទៅអាចនឹងជួបប្រទះរលករន្ទះ រាល់ពេលមានភ្លៀងម្ដងៗ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយ នោះ
គឺថា មានអ្នកខ្លះគិតថា មនុស្សដែលនឹងត្រូវស្លាប់ដោយរន្ទះគឺមិនអាចមិនមានអ្វីបញ្ចៀសបាន។

យោងតាម National Geographic រន្ទះគឺជាបាតុភូតឆ្លងចរន្តអគ្គីសនីនៅលើបរិយាកាស រវាង
បណ្ដាដុំពពក និងដី ឬរវាងបណ្ដា​ពពកដែលមានបន្ទុកអគ្គីសនីខុសគ្នា (បន្ទុកវិជ្ជមាន និងបន្ទុក
អវិជ្ជមាន)។ នៅពេលឆ្លងចរន្តអគ្គីសនី រន្ទះអាចបំលាស់ទីក្នុងល្បឿន ៣៦.០០០​គីឡូម៉ែត្រ/ម៉ោង
និងមានឥទ្ធិពលក្នុងរយៈចម្ងាយ ៨គីឡូម៉ែត្រ ដោយ​មានកំដៅ ២៧.៧០០​អង្សាសេ។

រន្ទះមិនត្រឹមតែមាននៅក្នុងព្យុះភ្លៀងនោះទេ តែវាក៏កើតមាននៅក្នុងបាតុភូតផ្ទុះភ្នំភ្លើង ឆេះព្រៃ
ព្យុះព្រិល និងការផ្ទុះគ្រាប់បែក​នុយក្លេអែរផងដែរ។

បន្ទុះភ្នំភ្លើងក៏អាចមានរន្ទះ

រន្ទះអាចសម្លាប់មនុស្ស ឬធ្វើឱ្យគាំងបេះដូងភ្លាមៗ។ ជនរងគ្រោះដែលត្រូវរន្ទះបាញ់ អាចនឹង
ស្លាប់ ឬរលាកស្បែកធ្ងន់ធ្ងរដោយ​សារដំដៅ រងរបួសខួរក្បាលជារៀងរហូត បាត់បង់ការចងចាំ
ឬប្រែប្រួលអត្តចរឹត។

រន្ទះអាចបង្កគ្រោះថ្នាក់ដោយ​រូបភាពខាងក្រោម ៖

-បាញ់ប្រហារផ្ទាល់ពីដុំពពក ទៅលើជនរងគ្រោះ។
-បាញ់ទៅលើដី បង្កជាសម្ពាធអគ្គីសនី ធ្វើឱ្យអ្នករងគ្រោះរងឥទ្ធិពល នៅពេលសម្ពាធនៃចរន្ត
អគ្គីសនីរបស់រាងកាយអ្នករងគ្រោះ និងសម្ពាធអគ្គីសនីរបស់ដី មានភាពខុសគ្នា។
-អ្នកអាចរងគ្រោះ នៅពេលឈរក្បែរវត្ថុដែលត្រូវរន្ទះបាញ់។
-រន្ទះអាចរាលដាលមកតាមវត្ថុមួយចំនួន ដូចជា របង​ ទូរស័ព្ទ ទូរទស្សន៍ ខ្សែផ្លើង។

វិធីជៀសវាង

-ផ្អាកជាបន្ទាន់នូវសកម្មភាពខាងក្រៅផ្ទះ ដូចជា ស្ទួចត្រី ជិះកង់ រត់/ដើរកណ្ដាលវាល កាប់គាស់
ដី ពិសេសគឺការហែលទឹក ឬត្រាមក្នុងទឹក ព្រោះថា ទឹកគឺជាវត្ថុចម្លងអគ្គីសនីបានល្អបំផុត។

-បិទគ្រឿងអេឡេចត្រូនិចទាំងអស់ ដូចជា ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រភ្ជាប់អ៊ីនធឺរណិត ហើយ
នៅឱ្យឆ្ងាយពីបង្អួច និងទ្វារ។

-យោងតាម Webmd ប្រសិនអ្នកមានអារម្មណ៍ថា សក់បះឡើងទៅលើ នោះមានន័យថា បន្ទុក
អគ្គីសនីអវិជ្ជមាន (បន្ទុកអវិជ្ជមាន) កំពុងតែកើនឡើងនៅក្នុងរាងកាយរបស់អ្នក ហើយអ្នកអាច
នឹងត្រូវរន្ទះបាញ់នៅពេលនេះ។ ដូច្នេះ វិធីដោះស្រាយបន្ទាន់ គឺ ប្រញាប់ឱនក្បាលអង្គុយចុះ
និងយកដៃបិទត្រចៀក ដោយមិនត្រូវដេកដី ឬលើកដីឡើងលើ។

-រថយន្ត គឺជាកន្លែងជ្រកភ្លៀង និងកន្លែងគេចពីរន្ទះដ៏មានសុវត្ថិភាព។

-ប្រើប្រាស់រូបមន្ត ៣០-៣០ ៖ នៅពេលមើលឃើញផ្កាភ្លើងនៃរន្ទះ អ្នកគួរចាប់ផ្ដើមរាប់នាទីរហូត
ដល់បានឮសម្លេងរន្ទះ។ បើសិនសម្លេងរន្ទះ កើតឡើងក្រោយផ្កាភ្លើងរន្ទះ ៣០វិនាទី ឬតិចជាង
នេះ នោះមានន័យថា ពពកភ្លៀងដែលមានរន្ទះ កំពុងស្ថិតនៅចម្ងាយ ១០គីឡូម៉ែត្រ។ នេះគឺ​ជារយៈចម្ងាយដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក ដូច្នេះ អ្នកត្រូវប្រញាប់រកកន្លែងជ្រក។
ព្រោះថា រន្ទះអាចបាញ់ សូម្បីតែនៅពេលមិនទាន់មានភ្លៀង។ ទន្ទឹមនឹងនេះ អ្នកត្រូវរង់ចាំយ៉ាង
តិច ៣០នាទី ក្រោយពីបានឮសម្លេងរន្ទះចុងក្រោយ មុននឹងចាកចេញពីកន្លែងសុវត្ថិភាព៕

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Kh.tv