ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើប្រទេសរុស្ស៊ី ថាបានវាយប្រហារតាមបែបអេឡិចត្រូនិច (Cyber-attack) ប្រឆាំងទៅនឹងស្ថាប័ននយោបាយ សហ រដ្ឋអាមេរិក ក្នុងគោលបំណងប្រឆាំងទៅនឹងការបោះឆ្នោតនៅលើទឹកដីមួយនេះ ។
នាយកដ្ឋានសន្តិសុខមាតុភូមិជាតិអាមេរិក ឬ Department of Homeland Security អោយដឹងថាបណ្តា អ៊ីម៉ែលដែលត្រូវបានវាយប្រហារមួយរយៈចុងក្រោយនេះ គឺជាវិធីសាស្រ្ត និងជាការលើកទឹកចិត្ត ដោយផ្ទាល់ ពីប្រទេសរុស្ស៊ី។ ជាការពិត ទិន្នន័យដែលធ្វើការពិភាក្សាផ្ទៃក្នុង បក្សប្រជាធិបតេយ្យ ត្រូវ បាន Hacked កាលពីដើមឆ្នាំនេះ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា បណ្តារដ្ឋមួយចំនួននៅសហរដ្ឋ អាមេរិកឲ្យដឹងថា មានការលួចអង្កេតមើល ទៅលើប្រព័ន្ធបោះឆ្នោតរបស់ខ្លួន ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ ក៏មន្រ្តីសហរដ្ឋអាមេរិក បន្តឲ្យដឹងថា ការប៉ុនប៉ងលួចអង្កេតមើលនោះ ពុំមែនជាចេតនា ដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលរុស្ស៊ីនោះទេ ។
ដោយឡែក ក្រុមមន្រ្តីផ្លូវការប្រទេសរុស្ស៊ីបានគូសបញ្ជាក់ដល់សារព័ត៌មាន Interfax ពីការលើកឡើង ខាងលើ ដែលបានចោទប្រកាន់ខ្លួនថា ពាក់ព័ន្ធជាមួយនឹងការវាយប្រហារបែបអេឡិចត្រូនិចនោះ គឺ គ្មានសមហេតុសមផល ជាសម្តីដែលគ្មានន័យ ។
ប៉ុន្តែបើយោងតាម សេចក្តីថ្លែងការណ៍រួមរវាង នាយកដ្ឋានសន្តិសុខមាតុភូមិអាមេរិក Department of Homeland Security និង នាយកស៊ើបការណ៍ថ្នាក់ជាតិ ស្តីពីសុវត្ថិភាពការបោះឆ្នោតនោះឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ ពីវិមាន Kremlin បានចូលរួមជាក់ស្តែងជាមួយនឹងការវាយប្រហារបែបអេឡិចត្រូនិច ដែលស្ទើរនឹងទទួលបានជោគជ័យ ។ ប្រភព បញ្ជាក់ឲ្យដឹងថា ពួកយើងមានជំនឿជាក់ ដោយយោង ទៅតាមវិសាលភាព និង ភាពជាក់ស្តែងនៃការខិតខំប្រែង ដែលមានតែមន្រ្តីជាន់ខ្ពស់ពីរុស្ស៊ីតែមួយ គត់ ដែលអាចត្រូវបានអនុញ្ញាតឲ្យអនុវត្តន៍នូវសកម្មភាពទាំងនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី